Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុគ្គលិកម្នាក់ របស់ក្រុមហ៊ុន ផារ៉ាម៉ោនអង្គរទេសចរណ៍ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួនពីបទរំលោភលើទំនុកចិត្ត បន្ទាប់ពីប្រមូលលុយពីអតិថិជនបានជាង៥ម៉ឺនដុល្លារ ហើយមិនប្រគល់ឲ្យក្រុមហ៊ុន។

ការឃាត់ខ្លួនបុគ្គលិករូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចទីតាំងក្រុមហ៊ុនតែម្ដង ដែលស្ថិតក្នុងខណ្ឌដូនពេញ។

បើតាមសមត្ថកិច្ច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានសហការជាមួយកម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភលើទំនុកចិត្ត នៅចំណុចក្រុមហ៊ុន ផារ៉ាម៉ោនអង្គរទេសចរណ៍ ដែលមានទីតាំងផ្ទះលេខ១៤១ ផ្លូវ៥១ ភូមិ២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា ជនសង្ស័យត្រូវឃាត់ខ្លួនមានឈ្មោះ នៅ សុភ័ស ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ផារ៉ាម៉ោនអង្គរទេសចរណ៍ មានទីលំនៅផ្ទះលេខ១៤២អាហ្សិត​ ផ្លូវ១៣២ហ្សិត ភូមិ១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ លី ដានីញែល ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រងក្រុមហ៊ុន ផារ៉ាម៉ោនអង្គរទេសចរណ៍ ស្នាក់នៅក្រុមហ៊ុនតែម្ដង។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យបានដើរប្រមូលលុយពីអតិថិជន ហើយមិនឲ្យក្រុមហ៊ុន ដែលលុយបាត់បង់សរុបចំនួន៥២,៨៤០ដុល្លារអាមេរិក (ប្រាំម៉ឺនពីរពាន់ប្រាំបីរយសែសិបដុល្លារអាមេរិក)។ ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ នៅ សុភ័ស កំពុងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor