
កម្សាន្តៈ អ្នកនាង ភិន សិដាលីស អ្នកណាក៏ដឹងថា ឲ្យតែផលិតកម្មមហាហង្សបើកពិធីក្រុងពលីរឿងថ្មីហើយមានរូបនាងសម្តែងច្រើនគ្រងបានតំណែងតួឯក។ ប៉ុន្តែសម្រាប់រឿង"កាំបិតមុខ២"ដែលទើបក្រុងពលីហើយនោះ ភិន សុដាលីស សុខចិត្តគ្រងត្រឹមតំណែងតួរកទាំងញញឹមដោយសារតែស្រីស្អាតកូន១រូបនេះ មានហេតុផលផ្ទាល់ខ្លួន ។
ភិន សុដាលីស បានថ្លែងថា នាងយល់ព្រមទទួលតំណែងតួរកក្នុងរឿង"កាំបិតមុខ២" ដែលជាស្នាដៃថ្មីរបស់មហាហង្ស ព្រោះតែយល់ថាសាច់រឿងនិងខ្លឹមសារល្អហើយសុទ្ធតែបានចេញប្លង់ថតក៏ច្រើនដែរ។ នាងថា អ្វីដែលកាន់តែពិសេស គឺនាងបានចូលរួមសម្តែងជាមួយបងស្រីកែវ ស្រីនាង ដែលជាតារាភាពយន្តនាងចូលចិត្តតាំងពីនៅមិនទាន់បោះជំហ៊ានចូលសិល្បៈ។ ម្ល៉ោះហើយទើបនេះជាកត្តាមួយដែលបណ្តាលឲ្យចិត្តនាងទទួលយក។ ម្យ៉ាងទៀតជាតួសម្តែងម្នាក់ បើអង្គុយប្រកាន់តួឯកតួរង គឺមិនល្អឡើយព្រោះនោះជាអាជីពសិល្បៈដូចតែគ្នាសំខាន់ខំសម្តែងឲ្យល្អនោះពិតជាមានលទ្ធផលប្រសើរសម្រាប់យើង ។

ក្នុងភាពយន្តនេះ គេឃើញមានការសម្ដែងដោយអ្នកនាង កែវ ស្រីនាង លោក អូន ឧស្សាហ៍ លោក ហម ឈរ៉ា អ្នកនាង សឿន ផានផាផួង អ្នកនាង ភិន សុដាលីស អ្នកនាង ចាន់ តារាទី លោក អ៊ុន សិទ្ធា អ្នកស្រី សរ កេសារ៉ា កញ្ញា វ៉ាន់ លីលី និងតារាសម្ដែងចាស់ថ្មីល្បីឈ្មោះ ជាច្រើនដួងទៀត។ ភាពយន្តនេះ នឹងដំណើរការចេញថត ភ្លាមៗក្រោយពីក្រុងពាលីត្រូវបញ្ចប់៕






