
ភ្នំពេញៈ នារីស្រស់ស្អាតម្នាក់ បន្លំចូលក្នុងផ្ទះលួចកាបូបលុយ ត្រូវម្ចាស់ទាន់ នាំគ្នាដេញត្រួយវាយម្នាក់មួយដៃ មួយជើងឡើងទ្រោមខ្លួន កាលពីវេលាម៉ោង៨៖៤០នាទីព្រឹក ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំចរសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៨ ផ្លូវលេខ២៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា នារីស្រស់ស្អាតដែលបន្លំចូលផ្ទះគេមានឈ្មោះ សែម ចន្ទី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅមិនពិតប្រាដក មុខរបរ មិនពិតប្រាដក ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីស្រស់ស្អាតខាងលើ បានដើរបន្លំចូលលួចកាបូបលុយដល់ក្នុងផ្ទះ ត្រូវម្ចាស់គេទាន់ នាំគ្នាស្រែកថាចោរៗលួចកាបូបលុយ ខណៈនោះប្រជាពលរដ្ឋនៅក្បែរនោះបានលឺ ក៏បាននាំគ្នារត់ទៅជួយចាប់ជនសង្ស័យខាងលើបាន ក៏នាំគ្នាត្រួយវាយលើជនសង្ស័យ ម្នាក់មួយដៃមួយជើង ទើបប្រគល់ឲ្យសម្ថតកិច្ច ។ចំណែកកាបូបលុយ ត្រូវបានសម្ថតកិច្ចប្រគល់ឲ្យម្ចាស់កាបូបលុយវិញភ្លាមៗផងដែរ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វាលវង់ឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕


