header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនស្ត្រី២នាក់ ជាប់ពាក់ព័ន្ធនឹងការបើកកត់ឆ្នោតវៀតណាមខុសច្បាប់ នៅ២ទីតាំងផ្សេងគ្នា តែត្រូវប្រជាពលរដ្ឋរិះគន់ ព្រោះតែរឿងមិនបង្ក្រាបល្បែងហ្គោមបាញ់ត្រី ។

មន្ត្រីនគរបាលបានបង្ហើបឲ្យដឹងថា ស្ត្រីជាប់សង្ស័យកត់ឆ្នោតវៀតណាមទាំង២នាក់ ទី១-ឈ្មោះ ហ្គេច ជូ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួននៅចំណុចផ្ទះលេខ០៥៨ ផ្លូវបេតុង ស្ថិតក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ ទី២-ឈ្មោះ បុទម ស្រីនុច អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួននៅចំណុចផ្ទះលេខ១៥៩ ផ្លូវ៩០០ ស្ថិតក្រុម៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ និងដកហូតបានសម្ភារៈពាក់ព័ន្ធមួយចំនួន ក្រោមការសម្របសម្រួលពីលោក វ៉ា សក្កដា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ។

ទោះបីយ៉ាងណា ការឃាត់ខ្លួនស្ត្រីបើកកត់ឆ្នោតវៀតណាមទាំង២នាក់ ខាងលើនេះ ត្រូវបានមជ្ឃដ្ឋានប្រជាពលរដ្ឋទូទៅធ្វើការរិះគន់យ៉ាងចាស់ដៃតៗគ្នាថា ប្រហែលជាមិនបានបង់លុយឲ្យសមត្ថកិច្ចហើយមើលទៅ ទើបមានបើកការបង្ក្រាបយ៉ាងដូច្នេះ ដោយការសង្កេតឃើញបច្ចុប្បន្ន មានល្បែងស៊ីសងជាច្រើនប្រភេទ ជាពិសេស ល្បែងហ្គេមបាញ់ត្រី ដុះស្លែជាច្រើនឆ្នាំមកហើយ បាននិងកំពុងបើកដំណើរការទាំងយប់ទាំងថ្ងៃ យ៉ាងរលូន ស្ថិតនៅជួរមាត់ទន្លេ ក្នុងសំណង់មិនរៀបរយចំពីខាងក្រោយប៉ុស្ដិ៍នគរបាលទួលសង្កែទី១ ស្ថិតក្នុងភូមិផ្សារតូច និងនៅលើកំណាត់ផ្លូវលេខ៧០ លើកំណាត់ផ្លូវរថភ្លើង ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ បែរជាគ្មានការបង្ក្រាបទៅវិញ តែបើបង្ក្រាប-បង្ក្រាបចោះៗ ហាក់បីដូចជាវែកចក «ពោលគឺសម្រាប់ទីតាំងល្បែងណា ដែលទទួលបានផលប្រយោជន៍ និងលាភសក្ការៈ»នោះ សមត្ថកិច្ចមិនមានការបង្ក្រាបឡើយ ដែលបង្កឲ្យកើតមានបទល្មើសចោរកម្មជាច្រើនកើតឡើង ដូចជា៖ លួច ឆក់ ប្លន់ ជាដើម ។

លើសពីនេះ ពីគ្រប់មជ្ឃដ្ឋានប្រជាពលរដ្ឋទូទៅ ដែលបានធ្វើការរិះគន់តៗគ្នា ស្នើរឲ្យសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី ជួយមានវិធានការបង្ក្រាបល្បែងទាំងនៅលើកំណាត់ផ្លូវលេខ៧០ ពិសេសនៅលើផ្លូវរថភ្លើង និងនៅខាងក្រោយប៉ុស្ដិ៍នគរបាលទួលសង្កែទី១ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពតាមសេចក្ដីណែនាំស្តីពីវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅទូទាំងប្រទេស ដែលដាក់ចេញជាសាធារណៈដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦កន្លងទៅ និងការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

មន្ត្រីនគរបាលបានបង្ហើបឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនស្ត្រីទាំង២នាក់ ជាប់ពាក់ព័ន្ធបើកល្បែងកត់ឆ្នោតវៀតណាម រួមជាមួយវត្ថុតាង ត្រូវនាំខ្លួនទៅកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post