header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ សាឡាងមួយគ្រឿង ដែលដឹកចម្លងមនុស្ស និងយានយន្តគ្រប់ប្រភេទ ជាពិសេសល្បីល្បាញខាងចម្លងរថយន្តដឹកឈើខុសច្បាប់ផងស្របច្បាប់ផង ពីស្រុកព្រែកប្រសព្វ ឆ្ពោះមកកាន់ក្រុងក្រចេះ ត្រង់ចំណុចឫស្សីចារ នាពេលកន្លងមកនោះ បានក្រឡាប់ផ្កាប់មុខទយគូទឡើងលើកាលពីយប់មិញហើយ ប៉ុន្តែសំណាងល្អគ្រោះថ្នាក់មួយនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួស។

ភ្នាក់ងារអង្គភាពសារព័ត៌មាន Cam Post ប្រចាំខេត្តក្រចេះ លោក ភាន សោភណ្ឌ រាយការណ៍មកថា សាឡាងមួយគ្រឿង នៅកំពង់ដរចម្លងឫស្សីចារ-ជ្រោយបន្ទាយ បានក្រឡាប់ចូលទឹកជាមួយរថយន្តដឹកឈើប្រណីតចំនួន២គ្រឿងទៀត របស់ក្រុមហ៊ុនកូរ៉េ ដែលមានមូលដ្ឋាននៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ លោកបញ្ជាក់ថា ករណីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១៖២០នាទីអធ្រាត្រ ឈានចូលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចត្រើយខាងលិច ស្ថិតក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែប្រសព្វ ខេត្តក្រចេះ។

វរសេនីយ៍ឯក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ ប្រាប់ Cam Post នៅព្រឹកនេះថា នៅមុនពេលកើតហេតុ មានរថយន្តយីឌុបធំៗដឹកឈើចំនួ២គ្រឿង ដោយរថយន្តទី១ បានបើកចូលសាឡាងសម្រេចជាស្ថាពរ ប៉ុន្តែស៊យនៅពេលរថយន្តទី២ បើកចូលដល់សាឡាងបន្តទៀត បែរជាធ្វើឲ្យសាឡាង ចាប់ផ្ដើមផ្អៀងបន្តិចម្ដងៗ ហើយក៏បានក្រឡាប់ដោយសង្កត់ពីលើរថយន្តនៅខាងក្រោមចូលក្នុងទឹកតែម្ដង។ ប៉ុន្តែលោកបញ្ជាក់ថា ករណីនេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ព្រោះនៅពេលសាឡាងចាប់ផ្ដើមផ្អៀងនោះ មនុស្សបាននាំគ្នាលោតគេចចេញអស់ភ្លាមៗ។

បើតាមលោកអធិការរូបនេះ រថយន្តទាំងពីរគ្រឿងនោះ ជារថយន្តដឹកឈើស្របច្បាប់របស់ក្រុមហ៊ុនកូរ៉េឈ្មោះថា ស៊ិងបាយអូថេក ដែលមានមូលដ្ឋាននៅភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ រថយន្តទាំង២គ្រឿង ដឹកឈើប្រភេទលេខ១ លេខ២ លេខ៣ ឈើក្រៅលំដាប់ថ្នាក់ ដែលសុទ្ធសឹងជាឈើប្រណីតល្អៗ។

បន្ទាប់ពីហេតុការណ៍ខាងលើនេះកើតឡើង រហូតមកទល់ហ្នឹងពេលនេះ គេសង្កេតឃើញមានរថយន្តដឹកឈើជាច្រើនគ្រឿង មានទាំងតូច មានទាំងធំ ដែលកម្លាំងសមត្ថកិច្ចជំនាញ អះអាងថា ជារថយន្តដឹកឈើស្របច្បាប់ មានលិខិតអនុញ្ញាតត្រឹមត្រូវ កំពុងឈរតម្រង់ជួរគ្នាយ៉ាងត្រៀបត្រានៅត្រើយខាងលិច ក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ។ ការដែលរថយន្តទាំងនេះ នាំគ្នាឈរត្រៀបត្រាដោយសារគ្មានសាឡាង ឬដរចម្លងណាមួយហ៊ានចម្លងទៀតឡើយតាំងពីយប់មិញម្ល៉េះ ព្រោះខ្លាចជួបរឿងស៊យដូចដរចម្លងឫស្សីចារ-ជ្រោយបន្ទាយ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ ប្រាប់ឲ្យ Cam Post ដឹងដែរថា ការដឹកជញ្ជូន ឬចម្លងរថយន្តដឹកឈើនៅចំណុចដរចម្លងឫស្សីចារ-ជ្រោយបន្ទាយនេះ វាសឹងក្លាយជារឿងធម្មតាៗទៅហើយ ព្រោះជារៀងរាល់យប់ គេតែងតែឃើញរថយន្តដឹកឈើគ្រប់ប្រភេទ មានទាំងរថយន្តសាំយ៉ុង និងរថយន្តយីឌុបធំៗ ត្រូវបានដឹកចម្លងចេញពីស្រុកព្រែកប្រសព្វ ឆ្ពោះទៅឫស្សីចារ ក្នុងដែនសមត្ថកិច្ចក្រុងក្រចេះ។ សេចក្ដីរាយការណ៍បន្តថា ការចម្លងរថយន្តដឹកឈើទាំងនោះ បានកើតឡើងជាច្រើនឆ្នាំហើយ ហើយភាគច្រើនជារថយន្តដឹកឈើខុសច្បាប់ គ្មានការអនុញ្ញាត ប៉ុន្តែពួកគេអាចដឹកជញ្ជូនបានដោយសេរី គ្មានញញើតសមត្ថកិច្ចណាឡើយ ហើយរឹតតែកម្រឃើញមានការបង្ក្រាបទៀត។

បើទោះជាបែបណាក្ដី រហូតមកទល់ហ្នឹងព្រឹកថ្ងៃសុក្រនេះ ភ្នាក់ងាររបស់យើង បានរាយការណ៍មកថា នៅមិនទាន់មានការស្រោចស្រង់សាឡាង និងរថយន្តដឹកឈើប្រណីតទាំងពីរគ្រឿងនោះ ចេញពីក្នុងទឹកនៅឡើយទេ ហើយករណីនេះ បានបង្កការលំបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងសាឡាង ដឹកជញ្ជូនកសិផលផ្សេងៗផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post