
កំពតៈ យ៉ាងហោចណាស់មនុស្សប្រុសស្រី៤នាក់ បានស្លាប់ និងរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍រថយន្តបោលបុកម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង៩៖១០នាទីយប់ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នៅលើផ្លូវលេខ៧៣៥ ត្រង់ចំណុចមុខកាកបាទក្រហម ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
សមត្តិកិច្ច បានឲ្យដឹងថា ភាគីរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AJ 1445 បើកបរដោយឈ្មោះ នៅ ឌីណា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិទួលមាស ឃុំអារិយក្សត្យ ស្រុកល្វាឯម ខេត្តកណ្តាល។ ចំណែកភាគីម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1G 8885 បើកបរដោយឈ្មោះ សាង បូរី ភេទប្រុស អាយុ៣៧ឆ្នាំ និងអ្នករួមដំណើរជាមួយគ្នា៣នាក់ទៀត ទី១.ឈ្មោះ ចាន់ រចនា ភេទស្រី អាយុ៣៧ឆ្នាំ ទី២.ឈ្មោះ វុទ្ធី រ៉ាត់បញ្ញាស័ក ភេទប្រុស អាយុ៦ឆ្នាំ ទី៣.ឈ្នោះ វុទ្ធី រ៉ាត់សូនីតា ភេទស្រី(ស្លាប់) អ្នកទាំង៤រស់នៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងទៀថា មុនពេលកើតហេតុគេឃើញរថយន្តបើកក្នុងទិសដៅពីត្បូងទៅជើង លុះទៅដល់ត្រង់ចំណុចខាងលើ បានបុកម៉ូតូជនរងគ្រោះ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យដួលដេករណូករណែលពេញផ្លូវ។ បន្ទាប់មករថយន្តបង្កបានព្យាយាមបើករត់ តែត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋដេញចាប់បាន។

ក្រោយជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែដោយសារតែរបួសធ្ងន់ពេក ក្មេងស្រីម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចបានអូសទៅរក្សាទុកនៅអធិការដ្ឋាននគរបាលសង្កាត់កំពង់កណ្តាល រង់ចាំការដោះស្រាយនៅពេលក្រោយ៕


