
ភ្នំពេញៈ យុវតីស្រស់ស្អាតម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ ធ្វើការឃាត់ខ្លួន ខណៈយុវតីរូបនេះធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅតាមផ្លូវសាធារណៈ និងដកហូតបានថ្នាំញៀនជិត២០កញ្ចប់តូចធំ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
យុវតីសង្ស័យដែលឃាត់ខ្លួនឈ្មោះ សាង សេងហុង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុខាងលើ។
បើតាមសម្ដី លោក មៅ សាវឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១បានប្រាប់ឲ្យដឹងថា ដោយសារតែតំបន់ខាងលើនេះមានភាពស្មុកស្មាញ លោកបានដាក់កម្លាំងឲ្យចុះល្បាត ស្រាប់តែប្រទះឃើញយុវតីសង្ស័យកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀនជាក់ស្តែងនៅតាមផ្លូវសាធារណៈ ក៏ធ្វើការឃាត់ខ្លួន និងបានដកហូតថ្នាំញៀន១កញ្ចប់ធំ និង១៧កញ្ចប់តូច រួចយកទៅសួរនាំតែម្តង។

នៅចំពោះមុខសមត្ថកិច្ច យុវតីសង្ស័យបានសារភាពថា រូបគេពិតជាចែកចាយថ្នាំញៀនពិតប្រាកដមែន ហើយថ្នាំទាំងនេះ រូបគេបានទិញពីរបុរសមិនស្គាល់ឈ្មោះម្នាក់ដើម្បីយកមកចែកចាយបន្ត។
ក្រោយពីរសួរនាំ យុវតីសង្ស័យខាងលើ រួមទាំងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះផងដែរ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១បានសន្យាថា លោកនឹងលុបបំបាត់ក្មេងៗដែលញៀនថ្នាំនៅក្នុងមូលដ្ឋានរបស់លោកឲ្យអស់ ហើយក៏បានសូមសំណុំពរដល់អាណាព្យាបាល និងប្រជាពលរដ្ឋ បើដឹងថាកូនៗរបស់ខ្លួន ឬក៏ឃើញក្មេងៗប្រមូលផ្តុំគ្នាក្នុងស្ថានភាពគួរឲ្យសង្ស័យ សូមរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ លោកនឹងចាត់កម្លាំងចុះបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕
