
ភ្នំពេញៈ រថយន្តដឹកទឹកកកមួយគ្រឿង បើកធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងច្រងាង សង្ស័យអ្នកបើកបរងងុយដេក ។
គ្រោះថ្នាក់ចរាចរនេះ បង្កការភ្ញាក់ផ្អើកាលពីវេលាម៉ោង២៖៤៥នាទីរសៀលថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១៨ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ក្រោយពីកើតហេតុ អ្នកបើករថយន្ត បានគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
បើតាមសមត្ថកិច្ចមូលដ្ឋាន បានប្រាប់ថា បើតាមស្លាកស្នាមនៅកន្លែងកើតហេតុ គឺសង្ស័យអ្នកបើកបររថយន្តងងុយដេក ទើបបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង ប៉ុន្តែមិនគ្រោះថ្នាក់ដល់អ្នកដទៃ។

សមត្ថកិច្ច បន្តទៀតថា រថយន្តដឹកទឹកកកខាងលើម៉ាក KIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-0934 បើកបរក្នុងទិសដៅពីលិចទៅកើត ដោយឃើញស្លាកស្នាមកង់រថយន្តអូសជាង៥០ម៉ែត្រ ទើបក្រឡាប់។
ក្រោយមកនគរបាលមូលដ្ឋានបានឲ្យមេភូមិត្រពាំងរាំងចាស់សួរកម្ចាស់ ដើម្បីឲ្យមកស្ទួចរថយន្តខាងលើទៅជុសជុលដោយខ្លួនឯង៕
