
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាមួយ ឬបក្សណាមួយនោះទេ ដូច្នេះដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ តាមការកំណត់ គ្មានការពន្យារអ្វីឡើយ ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល និស្សិតសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ដ្រ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ សម្ដេច ហ៊ុន សែន ថា កម្ពុជានឹងបន្តនូវសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត នាថ្ងៃទី២៩ កក្កដា ខាងមុខនេះ ។
សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា “កម្ពុជាមិនមែនជាចំណាប់ខ្មាំង របស់ក្រុមណាមួយ ឬមនុស្សណាម្នាក់ ឬបក្សនយោបាយណាមួយនោះទេ ។ ដំណើរការបោះឆ្នោត គឺត្រូវដំណើរការដោយគ្មានការពន្យាពេល ។ អ្វីៗឥឡូវស្ថិតនៅក្នុងដៃរបស់អាជ្ញាកណ្ដាល (គ.ជ.ប) ដែលកំពុងចុះបញ្ជី និងឈានទៅដល់ការបោះឆ្នោត" ។
សូមបញ្ជាក់ថា ចាប់តាំងពីទទួលចុះបញ្ជីបេក្ខជនឈរឈ្មោះ គណបក្សនយោបាយមករហូតដល់ថ្ងៃបិទបញ្ចប់ កាលពីថ្ងៃទី២១ ឧសភា គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ គណបក្សនយោបាយចំនួន១៦ ខណៈបក្សនយោបាយ៤ទៀត គ.ជ.ប ទុកពេល៥ថ្ងៃ ដើម្បីឲ្យបំពេញបែបបទបន្ថែម តែបើហួសរយៈពេលនេះ គ.ជ.ប ចាត់ទុកថា គណបក្សនយោបាយទាំងនោះ បោះបង់ការឈរឈ្មោះបោះឆ្នោតអាណត្តិទី៦នេះ៕
