
ប៉ៃលិនៈ យុវជនម្នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៤៖៣០នាទី ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឆន ស៊ុននៀន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថា មានចោរចូលលួចលុយអស់ចំនួន១លាន១០ម៉ឺនរៀល លុយបាតចំនួន៦០០បាត និងទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាក IPhone 6 ចំនួន ០១គ្រឿង និងម៉ាក Nokia 1280 ចំនួន១គ្រឿង។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈឿន វល័ក្ខ ហៅលីន ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ។
ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលលួចលុយពីជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្នកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
