
ភ្នំពេញៈ បុរសម្នាក់ ត្រូវបានប៉ូលិសក្របួចទាំងយប់ ខណៈចូលទៅម៉ាស្សា បែរជាប្រើកូនកាំបិតប្លន់យកទូរស័ព្ទអាយហ្វូនសិចពីនារីរងគ្រោះ តែត្រូវនារីរងគ្រោះប្រតាយប្រតប់ រួចក៏ប្ដឹងសមត្ថកិច្ចតែម្ដង។
ករណីនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៨៖៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាប ជីវ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ខណ្ឌសែនសុខ។ នារីរងគ្រោះ ឈ្មោះ សៀន ឆេងហ៊ាន់ ភេទស្រី អាយុ២១ឆ្នាំ មុខរបរ នារីម៉ាស្សា បច្ចុប្បន្នស្នាក់នៅក្នុងហាងម៉ាស្សាយីហោ លី ថីហ្វុង ដែលស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យបានជិះម៉ូតូម៉ាកនិច ពាក់ស្លាកលេខភ្នំពេញ 1CD-1056 ចូលម៉ាស្សានៅផ្ទះខាងលើ ពេលនោះខ្លួនបានជួបនារីរគ្រោះ ហើយក៏បានឯកភាពគ្នាឲ្យនាងម៉ាស្សា ពេលចាប់ផ្តើមម៉ាស្សាមិនបានប៉ុន្មាននាទីផង ស្រាប់តែជនសង្ស័យធ្វើសកម្មភាពយកកូនកាំបិត ដែលដាក់តាមខ្លួន មកចាក់ទៅលើនារីរងគ្រោះ បណ្តាលឲ្យត្រូវចំលើសៀតផ្កាខាងឆ្វេង ហើយបន្ទាប់មកជនសង្ស័យចាប់គ្រៀកនាង ដោយយកកូនកាំបិតមកអារលើម្រាមដៃ បណ្តាលឲ្យដាច់រហែកអស់ម្រាមដៃបី ពេលនោះសមត្ថកិច្ចមកដល់ក៏ឃាត់ខ្លួនជនសង្ស័យតែម្តង ។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

