
ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងល្បែងស៊ីសងរបស់ក្រសួងមហាផ្ទៃ បានធ្វើការឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងតាមអនឡាញដ៏ធំមួយកន្លែង រហូតធ្វើការឃាត់ខ្លួនមនុស្សប្រុស-ស្រី ចំនួន ១១នាក់ ដកហូតម៉ូតូ៩គ្រឿង និងសម្ភារៈមួយចំនួនធំ។
ការឆ្មក់ចុះបង្រ្កាបនេះ ធ្វើឡើងនៅវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចទីតាំងផ្ទះលេខ២៦ ផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងល្បែងភ្នាល់បាល់តាមប្រព័ន្ធអនឡាដ៏ធំនេះដែរ កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួនបុគ្គលិកចំនួន៤នាក់ (ស្រី ២នាក់) និង អ្នកញៀនល្បែងជាបុរសៗចំនួន៧នាក់ ដកហូតបានម៉ូតូចំនួន៩គ្រឿង តុ កៅអី កុំព្យូទ័រ ក្រដាស់ចាក់បាល់ មួយចំនួនធំទៀងផងដែរ។

ការបង្ក្រាបនេះដែរ គឺបានធ្វើឡើងក្រោមកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងស៊ីសងពាណិជ្ជកម្ម ក្រោមការដឹកនាំរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវអស់រយៈពេលជាយូរមកហើយ ទើបឈានមកដល់ការចុះបង្ក្រាបនូវទីតាំងមួយនេះបាន។

ក្រោយការបង្ក្រាបកម្លាំងសមត្ថកិច្ច ក៏បានធ្វើការបញ្ជូនខ្លួនមនុស្សប្រុសស្រីទាំង១១នាក់ រួមទាំងវត្ថុតាង ទៅកាន់នាយកដ្ឋានប្រឆាំងល្បែងស៊ីសងពាណិជ្ចកម្ម ដើម្បីចាត់ការទៅតាមនីតិវិធីបន្តទៅទៀត មិនតែប៉ុណ្ណោះក៏បានបិទទីតាំងខាងលើផងដែរ៕


