
តាកែវ ៖ ជនសង្ស័យក្នុងករណីប្រព្រឹត្តអំពើចោរកម្ម ០៣ នាក់ត្រូវប៉ូលីសស្រុកបាទី សហការណ៍ គ្នាចុះបង្ក្រាប បានទាន់ពេលវេលាក្រោយទទួលពាក្យបណ្តឹងនិងក្រោយកើតហេតុមិនបានប៉ុន្មាននាទី។
ករណីក្រុមចោរកាច់សោ ក ម៉ូតូនិងត្រូវប៉ូលីសចាប់ខ្លួននេះបានកើតឡើង នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៩និង០០នាទី នៅចំណុចភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវខណៈម្ចាស់ ម៉ូតូចតនៅមុខផ្ទះគ្រូខ្មែរម្នាក់។ ករណីនេះប៉ូលីសបានឲ្យដឹងថា ជនសង្ស័យចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួនជាមួយ វត្ថុតាងដែលមានឈ្មោះ÷ ទី១ឈ្មោះ នឹម សុចាន់ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី។ទី២ឈ្មោះ ស្រ៊ី ណែម ហៅខេវ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ទី៣ឈ្មោះ ឈួន ភ័ក្រ ហៅឆាង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្រាំគល់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ប៉ូលីសបានបន្តថា ជនសង្ស័យខាងលេីបានធ្វើសកម្មភាពលួចកាច់សោ កម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ 1CU-3441ជារបស់ឈ្មោះ សុក សឿន ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខណៈជនរងគ្រោះជិះមកព្យាបាលជំងឺនៅផ្ទះគ្រូទាយ ស្ថិតក្នុងភូមិ-ឃុំ កើតហេតុ។


ក្រោយកើតហេតុម្ចាស់ម៉ូតូបានមកប្តឹងសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ភ្លាមៗ និងក្រោយទទួលបានពាក្យ បណ្តឹងពីម្ចាស់ម៉ូតូកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះអន្តរាគមន៍ ល្បាតពួក ស្ទាក់គ្រប់ច្រកល្ហក រហូតឃាត់ខ្លូនជនសង្ស័យបានទាំង ០៣នាក់ខាងលើរួមនិងវត្ថុតាង។
បច្ចុប្បន្នជនសង្ស័យដែលបង្ក្រាបបានត្រូវសមត្ថកិច្ចស្រុកបាទីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធីចំណែកម៉ូតូជនរងគ្រោះត្រូវបានបំពេញបែបបទនិងប្រគល់ឲ្យម្ចាស់ដើមវិញហើយ៕

