Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ឧត្តរមានជ័យៈ ក្រុមគ្រួសារដែលត្រូវបានរថយន្ត១គ្រឿង ផ្តាច់ជីវិតទាំង៤នាក់ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទីរសៀល នៅលើកំណាត់ផ្លូវជាតិលេខ៦៨ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ស្ថិតក្នុងភូមិកណ្តែក  សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពេលនេះ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ។

លោក ធៀប សារៀត មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសំរោង ប្រាប់អង្គភាពសារព័ត៌មាន Cam Post ថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំង៤នាក់នោះ ទី១.ឈ្មោះ អាន ទៀង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ ជាអ្នកបើកបរ, ទី២.ឈ្មោះ អឹម សាវឿន ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ, ទី៣.ឈ្មោះ ទៀង​ ស្រីនិច្ច ភេទស្រី អាយុ​១០ឆ្នាំ មុខរបរសិស្ស និងទី៤.ឈ្មោះ​ វ៉ាន​ ឆៃ ភេទប្រុស អាយុ​៨ឆ្នាំ​ មុខរបរសិស្ស។ អ្នកទាំងបួននាក់នេះ ជាពុកម្តាយ និងកូន មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។

គួររំឭកថា កាលពីវេលាកើតហេតុខាងលើ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តធុនតូច និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នាពីកើតនៅលិច បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ស្រី២នាក់) នៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-6462 បើកបរដោយឈ្មោះ ស្រីម វី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រែកយួន ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (គ្មានរបួស)។ ចំណែកភាគីម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1D-5202 បើកបរដោយជនរងគ្រោះខាងលើ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងដោយសារភាគីរថយន្តបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់បង្កជាសោកនាដកម្មបែបនេះ ព្រមទាំងធ្វើឲ្យខូចខាតម៉ូតូ១គ្រឿង និងរថយន្ត១គ្រឿងយ៉ាងដំណំដូចគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងសំរោង បានចុះទៅដល់ធ្វើការវាស់វែង ព្រមទាំងឃាត់អ្នកបើកបររថយន្តបង្កយកទៅសួរនាំ និងអូសមធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ។ ដោយឡែក សាកសពជនរងគ្រោះទាំង៤នាក់ ត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor