header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលយុទ្ឋសាស្រ្តនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៨ នៅសណ្ឋាគារសាំងគ្រីឡា ក្រុងបាងកក ប្រទេសថៃ។ យោងតាមការចុះផ្សាយក្នុងហ្វេសប៊ុក សម្តេច។ នៅក្នុងកិច្ចប្រជុំកំពូល ACMECS លើកទី៨នេះ សម្ដេច ហ៊ុន សែន បានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន៥សំដៅពង្រីងកិច្ចសហប្រតិបត្តិការអនាគតរបស់ ACMECS ដូចខាងក្រោម៖

ទី១- សម្ដេចបានបង្ហាញនូវការគាំទ្រនូវការផ្តួចផ្តើមរៀបចំតាក់តែងផែនការមេ អេកម៉ិក (ACMECS) ឆ្នាំ២០១៩-២០២៣ សំដៅកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការ អេកម៉ិក និងប្រើប្រាស់សក្តានុពលអេកម៉ិកឲ្យបានពេញលញ និងបានឯកភាពជាគោលការណ៍លើកគំនិតផ្តួចផ្តើមរបស់ប្រទេសថៃ ក្នុងការបង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធ និងបរធនបាលកិច្ចអេកម៉ិក (ACMECS Infrastructure Fund and Trust) ។ សម្ដេចបានស្នើមន្ត្រីបច្ចេកទេសធ្វើការពិភាក្សានិងស្វែងយល់ឲ្យបានច្បាស់អំពីយន្តការ ទម្រង់ សមិទ្ធិលទ្ធភាព និងលក្ខណយោងផ្នែកបច្ចេកទេស នៃមូលនិធិនេះ ដើម្បីអាចរៀបចំដាក់ឱ្យអនុវត្តទៅបាន។

២- វិស័យឯកជនមានតួនាទីសំខាន់ក្នុងការជំរុញការអភិវឌ្ឍ ដូចនេះយើងត្រូវបន្តជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជនដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច និងត្រូវបន្តផ្តល់អាទិភាពទៅលើការកែលម្អបរិស្ថានធុរកិច្ចជាពិសេសតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការពង្រឹងប្រព័ន្ធឡូជីស្ទីក ការសម្រួលពាណិជ្ជកម្មនិងការជំរុញកសាងតំបន់សេដ្ឋកិច្ចពិសេស។ 
៣- ការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងឧស្សាហកម្មរវាង សមាជិកអនុ-តំបន់អេកម៉ិក ក្នុងខ្សែសង្វាក់ផលិតកម្មតំបន់ និងសកលលោក គឺជាការងារដែលយើងត្រូវបន្តជំរុញ ដើម្បីទទួលបានផលចំណេញពីការហៀរចេញ នូវបច្ចេកវិទ្យា និងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួននៅក្នុងតំបន់ ពីឧស្សាហកម្មពឺងផ្នែកលើពលកម្មមកកាន់សេដ្ឋកិច្ចដែលពឹកផ្អែកលើមូលធន។

៤- ការថែរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងអនុតំបន់ នៅតែបន្តជាការងារដ៏សំខាន់មួយ សម្រាប់កិច្ចប្រឹងប្រែងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់យើង ទាំងនៅក្នុងកម្រិតថ្នាក់ជាតិ និងទាំងនៅក្នុងកម្រិតអនុតំបន់ និងតំបន់។ និង ៥- សម្ដេច ហ៊ុន​ សែន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះចក្ខុវិស័យរួមនៃការអភិវឌ្ឍនៅក្នុងបណ្តាប្រទេសអេកម៉ិក ជាពិសេសគាំទ្រការអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងបាងកក នៃកិច្ចប្រជុំកំពូលអេកម៉ិក លើកទី៨ និងផែនការមេអេកម៉ិក ២០១៩-២០២៣។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូល ACMECS លើកទី៨នេះ គឺមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកទាំងអស់ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post