header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកវរសេនីយ៍ទោ សុខ រិទ្ធ អត្តលេខ២៧៥១៩ ដែលមានតួនាទីជានាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដ៏មានអំណាច និងឥទ្ធិពលប្រចាំស្ថាប័នសាលាដំបូងរាជធានីភ្នំពេញ ជាមួយនឹងមេធាវីម្នាក់ទៀត ជាដៃគូ ឈ្មោះ ឌុល សុខា មានអត្តលេខ១០២៩ ត្រូវបានពលរដ្ឋជាសាច់ញាតិរបស់ក្រឡាបញ្ជីម្នាក់ នៅសាលាដំបូងរាជធានីភ្នំពេញ ដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឲ្យជួយរកយុត្តិធម៌ និងចាត់ការតាមច្បាប់។

យោងតាមពាក្យបណ្តឹង ដែលត្រូវបានក្រុមដើមបណ្តឹងបង្ហោះចូលទំព័រហ្វេសប៊ុកសម្តេចតេជោ នាយករដ្ឋមន្ត្រី និងបានដាក់ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្តឹងលោកវរសេនីយ៍ទោ សុខ រិទ្ធ ដែលមន្ត្រីភាគច្រើននៅសាលាដំបូងរាជធានីភ្នំពេញ ដាក់រហ័សនាមឲ្យថា ជា "ព្រះរាជអាជ្ញាធំទី២" និងលោកមេធាវី ឌុល សុខា ជាមនុស្សជំនិតលោក សុខ រិទ្ធ ពាក់ព័ន្ធករណីពុករលួយ ដោយរត់ការសូកប៉ាន់តុលាការ និងជ្រៀតជ្រែកកិច្ចការតុលាការ នៃសាលាដំបូងរាជធានីភ្នំពេញ ឲ្យដោះលែងជនសង្ស័យក្នុងរឿងព្រហ្មទណ្ឌ។

ពាក្យបណ្តឹងចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ឈ្មោះ តាំង បុប្ផា និងឈ្មោះ តាំង ហុតធី ជាដើមបណ្តឹង បានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ទួន សុវណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអគ្គនាយកមីក្រូហិរញ្ញវត្ថុឈ្មោះ ប្រសិទ្ធ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

នៅពេលសមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ទួន សុវណ្ណា ទៅដល់តុលាការ មានឈ្មោះ ឡេង វណ្ណៈ បានទៅពឹងពាក់មេធាវីម្នាក់ ឈ្មោះ សួន ប៊ុនធឿន ឲ្យការពារសិទ្ធិជនសង្ស័យ។

ពេលនោះ លោកមេធាវី សួន ប៊ុនធឿន បានប្រើលេខទូរស័ព្ទលេខ ០១២ ៤៨៣ ៥៤៦ ខលទៅលេខទូរស័ព្ទលោកមេធាវី ឌុល សុខា លេខ ០៧៦ ៧៧៧ ៤២៨៤ ដើម្បីឲ្យជួយអន្តរាគមន៍ ដោះ​លែងជនសង្ស័យឈ្មោះ ទួន សុវណ្ណា។

បន្ទាប់មក លោកមេធាវី ឈ្មោះ ឌុល សុខា បានយកលេខទូរស័ព្ទ ០៧៦ ៧៧៧ ៤២៨៤ ខលទៅលេខទូរស័ព្ទលោកវរសេនីយ៍ទោ សុខ រិទ្ធ មានលេខ ០១២ ៨៧៧ ០១២ ដើម្បីឲ្យលោក សុខ រិទ្ធ អន្តរាគមន៍ទៅព្រះរាជអាជ្ញារង ដែលកាន់សំណុំរឿងបញ្ជាឲ្យដោះលែងជនសង្ស័យ ឈ្មោះ ទួន សុវណ្ណា ភ្លាម ដោយមេធាវី ឌុល សុខា សន្យាជូនលុយទៅលោក សុខ រិទ្ធ ចំនួន៨០០០ដុល្លារ។

ក្រោយពេលបានទទួលដំណឹងពីលោកមេធាវី ឌុល សុខា ជាមនុស្សជំនិតរួចហើយ លោកវរសេនីយ៍ទោ សុខ រិទ្ធ បានយកលេខទូរស័ព្ទ ០១២ ៨៧៧ ០១២ ខលទៅព្រះរាជអាជ្ញារង ដែលកាន់សំណុំរឿងលេខ១៧១៧ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ បញ្ជាឲ្យដោះលែងជនសង្ស័យឈ្មោះ ទួន សុវណ្ណា ភ្លាមៗ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨។

បើតាមពាក្យបណ្តឹងដដែល ក៏បានបន្ថែមផងដែរថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ សុខ រិទ្ធ និងលោកមេធាវី ឌុល សុខា បានយកលុយចំនួន៥០០០ដុល្លារ ទៅសូកប៉ាន់លោកព្រះរាជអាជ្ញារង ឡុង ជាប ឲ្យតម្កល់សំណុំរឿងលេខ៩០០ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ទុកឥតចាត់ការថែមទៀតផង។

ដើម​បណ្តឹងបានសំណូមពរឲ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស្រាវជ្រាវ និងស៊ើបអង្កេតរឿងនេះឲ្យបានល្អិតល្អន់ ដើម្បីចាប់ជនដែលប្រព្រឹត្តផ្ទុយពីច្បាប់ យកទៅផ្តន្ទាទោសតាមច្បាប់។

បើយោងតាមមាត្រា៣២ នៃច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ បានចែងថា បទសូកប៉ាន់ ត្រូវផ្តន្ទាទោសតាមមាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ ដោយបទសូកប៉ាន់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ។

ចំណែកមាត្រា៦០៩ នៃក្រមព្រហ្មទណ្ឌ បទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ ត្រូវផ្តន្ទាទោសពី១ឆ្នាំ ទៅ៣ឆ្នាំ ពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post