
នៅយប់ថ្ងៃពុធ ទី៦ ខែមិថុនា នេះ ចាប់ពីម៉ោង៧:៣០ ដល់ម៉ោង៨:៣០ លោក អេង ឆៃអ៊ាង អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ និងលោក យ៉ែម ប៉ុញ្ញឫទ្ធិ អតីតតំណាងរាស្រ្តអតីតគណបក្សប្រឆាំង នឹងអញ្ជើញចូលរួម ក្នុងកម្មវិធីនាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី ដើម្បី ប្រកាសប្រាប់អំពីលទ្ធផលនៃកិច្ចប្រជុំ ស្តីពីដំណោះស្រាយរបស់បក្សប្រឆាំងចំពោះការបោះឆ្នោត។ សូមជម្រាបថាកម្មវិធីនេះ សម្របសម្រួលដោយ លោក ជុន ច័ន្ទបុត្រ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ។
សូមរំលឹកថា៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ រួមទាំងអតីតតំណាងរាស្ត្រមួយចំនួន បានបើកកិច្ចប្រជុំពិសេសមួយ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជជែកពីយុទ្ធសាស្ត្រ និងការស្វែងរកដំណោះស្រាយ ដើម្បីឲ្យប្រទេសកម្ពុជា មានការបោះឆ្នោតមួយ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ទៅតាមលទ្ធិប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌។
អ្នកស្រី មូរ សុខហួរ អតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០១៨។ ហើយកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ នឹងធ្វើរបាយការណ៍សរុប ក្រោយកិច្ចប្រជុំបានបញ្ចប់។


