header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសពីរនាក់ ជិះម៉ូតូពីរគ្រឿង បំណងទៅយកប្អូនត្រឡប់មកផ្ទះវិញ ត្រូវក្រុមចោរប្រដាប់ដោយកាំភ្លើងខ្លី ធ្វើសកម្មភាពប្លន់យកម៉ូតូមួយគ្រឿង បានសម្រេច ហើយគេចខ្លួនដោយសុវត្ថិភាព។ លុះពេលជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ បែរជាសមត្ថកិច្ចដឹកជនរងគ្រោះដើរលេងក្នុងភូមិសាស្ត្ររបស់ខ្លួនអស់រយៈពេល២ម៉ោងយ៉ាងព្រងើយ។

ហេតុការណ៍ប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង១៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវ២០១១ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ចាន់ ពិសិទ្ធិ ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដែលជាម្ចាស់ម៉ូតូបានរៀបរាប់ប្រាប់ភ្នាក់ងារអង្គភាពសារព័ត៌មាន CAM POST ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ 1HA-2541 និងប្អូនប្រុសម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ខ្មៅ មិនចាំស្លាកលេខ ដោយពួកគេទើបជិះចេញពីផ្ទះនៅម្តុំស្ទឹងមានជ័យ បំណងជិះមកយកប្អូនប្រុសម្នាក់ទៀត នៅម្តុំកន្លែងកើតហេតុ ដើម្បីត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ២០១១ ក្នុងទិសដៅពីត្បូងទៅជើង។

ជនរងគ្រោះបន្តថា លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូពីរគ្រឿង ដោយមួយគ្រឿងម៉ាក Suzuki Nex និងមួយគ្រឿងទៀតម៉ាក PCX មិនចាំស្លាកលេខ បានជិះមកពីក្រោយ​ និងព្យាយាមកៀរម៉ូតូរបស់ខ្លួនឲ្យដួលតែមិនដួលនោះទេ។ ភ្លាមៗនេះ ខ្លួន(ជនរងគ្រោះ) រួមទាំងប្អូនប្រុស ដែលជិះម៉ូតូមួយគ្រឿងទៀត បាននាំគ្នាជិះម៉ូតូចូលទៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈកើតហេតុខាងលើ ទើបក្រុមជនសង្ស័យក៏ជិះម៉ូតូដេញតាម និងមានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដកកាំភ្លើងខ្លីមួយដើម ចេញពីក្នុងកាបូបស្ពាយមកភ្ជង់គំរាម និងវាយទៅលើខ្លួន រួមទាំងប្អូនប្រុស បណ្តាលឲ្យពួកគេភ័យស្លន់ស្លោក៏ទុកម៉ូតូចោលរត់យករួចខ្លួន ហើយក្រុមចោរជិះម៉ូតូ ហុងដាឌ្រីម របស់ខ្លួន ចេញទៅបាត់ដោយសុវត្ថិភាព។

ប្រភពដដែលបន្តទៀតថា ក្រោយពេលកើតហេតុ ពួកគាត់បានដឹកគ្នាតាមម៉ូតូទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋគោកឃ្លាង ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ តែខណៈពេលទៅដល់ហើយ បែរពុំមានសមត្ថកិច្ចប្រចាំការនៅប៉ុស្តិ៍នោះទេ។ មួយស្ទុះក្រោយមក ស្រាប់តែមានសមត្ថកិច្ចពីររូប បានជិះម៉ូតូមកសួរនាំជនរងគ្រោះនៅនឹងប៉ុស្តិ៍ បន្ទាប់មកបានឲ្យជនរងគ្រោះជួយជូនទៅកន្លែងកើតហេតុម្តងទៀត ប៉ុន្តែខណៈពេលទៅដល់កន្លែងកើតហេតុ បែរជាសមត្ថកិច្ចព្យាយាមជិះម៉ូតូគេចចេញពីជនរងគ្រោះ ក៏ដូចជាអ្នកសារព័ត៌មានបាត់ស្រមោល។

ប្រហែលជាជិតកន្លះម៉ោងក្រោយមក សមត្ថកិច្ចទាំងពីរនាក់ខាងលើ ក៏បានជិះម៉ូតូត្រឡប់មកវិញ រួចដឹកជនរងគ្រោះចេញពីកន្លែងកើតហេតុ ដោយសភាពប្រញាប់ប្រញាល់ស្លន់ស្លោ ខណៈក្រុមអ្នកសារព័ត៌មានធ្វើការសួរនាំទៅសមត្ថកិច្ចរូបនោះ បែរជាឆ្លើយថា “បើចង់ដឹងជិះតាមមក” ហើយក៏ដឹកជនរងគ្រោះចេញទៅដោយក្នុងល្បឿន តែមិនបានដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នោះទេ គឺបានដឹកជនរងគ្រោះបង្វៀងពីអ្នកសារព័ត៌មានស្ទើរគ្រប់ផ្លូវនៅក្នុងភូមិសាស្ត្រសង្កាត់គោកឃ្លាង អស់រយៈពេលជិត២ម៉ោង ក៏មានបុរសម្នាក់ ស្លៀកពាក់ស៊ីវិលបានមកធ្វើការស្ទាក់ម៉ូតូរបស់សមត្ថកិច្ចខាងលើ ទើបមន្ត្រីនគរបាលទាំងពីរនាក់នោះ ព្រមដឹកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍។

សូមបញ្ជាក់ថា ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវសមត្ថកិច្ចដឹកដើរលេងអស់រយៈជិតពីរម៉ោង នៅក្នុងភូមិសាស្ត្រសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មុនពេលពួកគេសម្រេចចិត្តឲ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋគោកឃ្លាង ដោយក្តីអស់សង្ឃឹមថា នឹងរកឃើញម៉ូតូរបស់ខ្លួន ហើយក៏ត្រឡប់ទៅផ្ទះវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post