header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចអស់មួយខណ្ឌចំការមន បន្ទាប់ពីបានបើករថយន្តមួយគ្រឿង ទៅបុករថយន្តចតចោលពីក្រោយ ហើយរករឿង និងដកកាំភ្លើងគំរាមសមត្ថកិច្ច ក៏ដូចជាអ្នកចោមរោមមើលផ្អើលទាំងក្បាលព្រលប់តែម្ដង។ ទោះយ៉ាងណា សមត្ថកិច្ចបានឡោមព័ទ្ធចាប់ទម្រាំបាន ហើយនាំខ្លួនទៅសួរនាំនៅអធិការដ្ឋានខណ្ឌ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧៖១០នាទីយប់ ថ្ងៃច័ន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវ៤៨៨ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-9766 ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ៤៨៨ ហើយជ្រុលទៅបុករថយន្តម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-1914 ដែលម្ចាស់ចតទុកស្ងៀម។ លុះពេលសមត្ថកិច្ចចូលទៅសួរនាំ បែរជាបុរសបើករថយន្តបង្កដកកាំភ្លើងភ្ជង់គំរាមបាញ់មកលើសមត្ថកិច្ច ស្របពេលនោះ ដោយសារសមត្ថកិច្ចមិនហ៊ានចូលជិត ជនបង្កក៏បើករថយន្តបំណងគេចខ្លួនរហូតដល់ផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ក្បែរផ្សារទួលទំពូង ទើបផ្អើលអស់សមត្ថកិច្ចខណ្ឌចំការមន អន្តរាគមន៍ឡោមព័ទ្ធចាប់ជនបង្កបាន និងដកហូតកាំភ្លើងខ្លីមួយដើម។

ដោយឡែក ប្រភពមួយទៀត បានលើកឡើងថា បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍ហើយ ហើយដោយជនបង្កនិយាយស្ដាប់គ្នាមិនបាន មិនទទួលស្គាល់កំហុសរបស់ខ្លួន ទើបជនរងគ្រោះស្នើឲ្យសមត្ថកិច្ចមូលដ្ឋានចូលទៅសាកសួរ ដែលធ្វើឲ្យជនបង្កដកកាំភ្លើងភ្ជង់មកលើសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ភ្លាមនោះ ដោយសារសមត្ថកិច្ចមិនចង់ឲ្យមានការផ្ទុះអាវុធ ទើបសម្រេចដកថយបន្តិចដើម្បីឲ្យស្ថានភាពធូរស្រាល បែរក្លាយជាឱកាសឲ្យជនបង្កបើករថយន្តចេញពីកន្លែងកើតហេតុ គេចខ្លួនរហូតទៅជិតដល់ផ្សារទួលទំពូង ទើបសមត្ថកិច្ចឡោមព័ទ្ធចាប់បាន និងនាំខ្លួនទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន។

រហូតមកទល់ព្រឹកនេះ នៅមិនទាន់មានការអះអាងបញ្ជាក់ពីសមត្ថកិច្ចជុំវិញរឿងរ៉ាងខាងលើនេះឡើយ ហើយអត្តសញ្ញាណរបស់ជនបង្ក ក៏មិនត្រូវបានទម្លាយឲ្យដឹងដែរ។ គេបានត្រឹមដាក់ការសង្ស័យថា ជនបង្កអាចជាសមត្ថកិច្ច ព្រោះមានកាំភ្លើង ហើយគេប្រទះឃើញមានប័ណ្ណសម្គាល់ក្រសួងមហាផ្ទៃ នៅលើរថយន្តបង្កហេតុ។ ដោយឡែក ភាគីរថយន្តព្រូស មានម្ចាស់ឈ្មោះ ហ៊ុន សំសែនឧត្ដម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ៕

វីដេអូ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post