Monday, June 11, 2018

លោកអភិបាលខេត្តសៀមរាប បញ្ជាក់ថាគ្មានការរុះរើតូបលក់ដូរក្នុងផ្សារផល្លារាត្រីអង្គរ ដូចការចុះផ្សាយរបស់ព័ត៌មានមួយចំនួននោះទេ

រិទ្ធី

នាល្ងាចថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានចុះជួបអាជីវករផ្សារផល្លារាត្រីអង្គរ និងប្រជាពលរដ្ឋនៅតំបន់នោះ ដើម្បីជម្រាបនិងបញ្ជាក់អំពីគោលការណ៍របស់អាជ្ញាធរខេត្តថា៖ គ្មានការរុះរើតូបលក់ដូរក្នុងផ្សារផល្លា រាត្រីអង្គរ ដូចការចេញផ្យាយព័ត៌មានបំភ្លើសពីការពិត ដូចសារព័ត៌មានមួយចំនួននោះឡើយ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល បានជម្រាបជូនអាជីវករ កុំឲ្យមានការភិតភ័យ ដូចព័ត៌មានបណ្តាញសង្គមមួយចំនួន ដែលផ្សព្វផ្យាយបំភ្លើសការពិត។ ជាក់ស្តែង ការបើកផ្លូវនេះ អាជ្ញាធរមិនមានគម្រោងឈូសតូបលក់ដូរក្នុងផ្សារទាំងអស់នោះទេ គឺគ្រាន់តែបើកផ្លូវតាមអ្វីដែលម្ចាស់ផ្សារធ្លាប់បានព្រមពៀងជាមួយអាជ្ញាធរខេត្ត និងតាមការកំណត់របស់គណៈកម្មការរដ្ឋបាលតែប៉ុណ្ណោះ ហើយការបើកផ្លូវនោះគឺមានផលប្រយោជន៍ទាំងសងខាងពោលទាំងអាជីវករក្នុងផ្សារ ទាំប្រជាពលរដ្ឋក្នុងតំបន់នោះ ។​ នេះបើយោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តសៀមរាប ផ្ញើជូនឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

របាយការណ៍ដដែលបានលើកឡើងអំពីចំណុចសំខាន់ៗមួយចំនួនដូចជា៖ ១- អាជ្ញាធរខេត្តអនុវត្តការបើកផ្លូវតាមគោលការណ៍ច្បាប់តែប៉ុណ្ណោះ ២- អាជីវករបន្តការលក់ដូរជាធម្មតា ដោយកុំមានការបារម្ភ ឬភ័យខ្លាចការបិទផ្សារ ឬការឈូសតូបដើម្បីបើកផ្លូវនេះទេ ៣- ការបើកផ្លូវនេះ គឺការបង្កើតបណ្តាញផ្លូវប្រទាក់ក្រឡា នៃការភ្ជាប់បណ្តាញផ្លូវឡើងវិញ ដើម្បីសម្រួលចរាចរណ៍ ការកកស្ទះ និងប្រើប្រាស់ក្នុងករណីចាំបាច់ ដូចជាការងារសង្គ្រោះអគ្គិភ័យនិង ការសង្គ្រោះបន្ទាន់ជាដើម។

គួររំលឹកថា ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយថា អាជ្ញាធរខេត្តសៀមរាបនឹងចុះរុះរើតូបលក់ដូរក្នុងផ្សារផល្លា រាត្រីអង្គរ ធ្វើឱ្យអាជីវករមានការព្រួយបារម្ភយ៉ាងខ្លាំង។  

@Amapapa.News

Feature Ads