header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវសិស្សម្នាក់ រៀនថ្នាក់ទី១១ នៅសាលាមណ្ឌលអង្គការ S.O.S ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកក់ទី២ សហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបានភ្លាមៗ​ បន្ទាប់ពីរូបគេនិងបក្ខពួក៥នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់មិនបានសម្រេច។

ករណីឆក់នេះ កើតឡើងកាលពី​វេលាម៉ោង៤៖៣៥នាទីល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះ លេខ១៥ ផ្លូវលេខ៣២៧ កែងផ្លូវលេខ ៥៩៦ ក្រុមទី១៣ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ  ចាប់បាន​នៅ​ចំណុចផ្លូវលេខ ៥៩៨ កែង ផ្លូវលេខ ១៩៨៦ ក្រុមទី២ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ សេង ចាន់ថេន ហៅថេន ភេទប្រុស អាយុ១៨ឆ្នាំ សិស្សថ្នាក់ទី១១B នៅ​សាលាមណ្ឌលអង្គការ S.O.S ស្នាក់នៅផ្ទះជួលមិនស្គាល់លេខ ផ្លូវលំ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (អង្គការជួលឲ្យ​ស្នាក់នៅ)។ ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២៦ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូមួយគ្រឿង ម៉ាក Scoopy ពណ៌ស មិនចាំស្លាកលេខ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះតាមបណ្តោយផ្លូវលេខ ៣២៧ ទិសដៅពីជើងទៅត្បូងមកដល់ចំណុចផ្លូវលេខ៥៩៦ កែង៣២៧ ជនសង្ស័យនិងបក្ខពួក៥នាក់ ជិះម៉ូតូ៣គ្រឿង ដោយរូបខ្លួនជិះម៉ូតូ ១គ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ មានស្លាកលេខតែមិនចាំ អង្គុយពីខាងក្រោយ អ្នកបើកឈ្មោះ អា រ៉ា ហៅ មាន់ ភេទប្រុស អាយុប្រហែល ១៧ឆ្នាំ បានជិះចូលមកអែបជិតពីខាងឆ្វេងដៃជនរងគ្រោះរួចធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះ ដែលកំពុងកាន់ទូរស័ព្ទនៅដៃឆ្វេង រីឯបក្ខពួកឈ្មោះ ព្រុំ ដេវីត ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ជាមួយឈ្មោះ ផលនិស័យ ទេវ: ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅសេរីឆ្នាំ២០១៥ មិនចាំស្លាកលេខ និង ឈ្មោះ អ៊ុក សុផានិត ភេទប្រុស អាយុប្រហែល១៨ឆ្នាំ និងឈ្មោះ អា រី ភេទប្រុស អាយុប្រហែល ១៥ឆ្នាំ ជិះម៉ូតូម៉ាកHonda C110 សង់ប៉ិច ពណ៌ខ្មៅ សេរីឆ្នាំ២០១២ មិនចាំស្លាកលេខ ជាអ្នកបិទគូថ តាមពីក្រោយ។

សមត្ថកិច្ចបន្តថា ក្រោយពេលធ្វើសកម្មភាព ឆក់បានសម្រេចជនសង្ស័យ ឈ្មោះ អា រ៉ា និង សេង ចាន់ថេន បានជិះម៉ូតូគេចចេញពីកន្លែងកើតហេតុតាមផ្លូវលេខ៥៩៨ បញ្ច្រាសទិសបត់ទៅដល់ចំណុចផ្លូវលេខ ៥៩៨ កែងនិងផ្លូវ លេខ១៩៨៦ ក្រុមទី២ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ក៏បានជ្រុលទៅបុកនិងម៉ូតូឡាំប្រឺតាឥណ្ឌា បណ្តាលឲ្យ​ដួលធ្លាក់ជនសង្ស័យឈ្មោះ សេង ចាន់ថេន ត្រូវបានជនរងគ្រោះដេញតាមពីក្រោយសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនបាន ដោយជនរងគ្រោះបានយកទូរស័ព្ទរបស់ខ្លួនបានមកវិញ រួចជិះម៉ូតូបន្តដំណើរទៅបាត់ដោយមិនដាក់ពាក្យប្តឹង ចំណែកជនសង្ស័យឈ្មោះ អារ៉ា ក៏បានលើកម៉ូតូបើកគេចខ្លួនបាត់ទៅ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេស្តទឹកនោមជនសង្ស័យឈ្មោះ សេង ចាន់ថេន ឃើញថា គ្មានសារធាតុគ្រឿងញៀនឡើយ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post