Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសង្កត់ធ្ងន់ៗថា "ការតែងតាំមុខតំណែង ព្រោះតែបក្ខពួកសែស្រឡាយ នឹងមិនទទួលបាន ការគោរពពីមន្ត្រីថ្នាក់ក្រោមនោះឡើយ"។ ហើយគ្មានមន្ត្រីក្រអើតក្រទមណាមួយ ទទួលបានការគោរពពីប្រជាពលរដ្ឋនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងគ្រាដែលសម្តេចអញ្ជើញជាអធិបតីភាព​ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សមន្ត្រី និងកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាល ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ពាក់ព័ន្ធទៅនឹងមន្ត្រីផងដែរ សម្តេចតេជោបានរំលឹកថា " មន្ត្រី គឺជាអ្នកបម្រើដ៏ស្មោះត្រង់ របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ពលរដ្ឋនោះឡើយ"។ សុភាសិតខ្មែរ ដែលបានពោលថា «ងើយស្កកឱនដាក់គ្រាប់» គឺជាគតិលោកអប់រំដ៏ប្រសើរ ពោលធ្វើជាមន្ត្រីត្រូវគោរពក្រមសីលធម៌ និងគោរពប្រជាពលរដ្ឋគ្រប់ពេលវេលា។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ផងដែរថា គ្មានមន្ត្រីក្រអើតក្រទមណាមួយ ទទួលបានការគោរពពីប្រជាពលរដ្ឋនោះឡើយ។ ការតែងតាំងមុខតំណែង ព្រោះតែបក្ខពួកសែស្រឡាយ នឹងមិនទទួលបានការគោរពពីមន្ត្រីថ្នាក់ក្រោមនោះឡើយ។ ហើយការពាក់ព័ន្ធការតែងតាំងមុខតំណែងនេះ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យមានការប្រកួតប្រជែងដោយស្មើភាពគ្នា។

សម្តេចតេជោ បានបញ្ជាក់ថា មន្ត្រីដែលអាចយកជាគ្នាបាន គឺមន្ត្រីដែលប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង។ ហើយមន្ត្រីដែលពូកែរាយការណ៍ឲ្យថ្នាក់លើ ហើយទម្លាក់កំហុសឲ្យថ្នាក់ក្រោម មិនគួរត្រូវតែងតាំងនោះឡើយ។ សម្តេចរំលឹកថា មន្ត្រីទាំងអស់ត្រូវអនុវត្តន៍ការងារតាមច្បាប់ កុំអនុវត្តន៍តាមបទបញ្ជា។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីថា ត្រូវតែមានការសហការគ្នា ហើយមិនត្រូវប៉ែងជើងគ្នា ព្រោះតែដើម្បីអំណាចនោះឡើយ។ ដោយសម្តេចតេជោ បានបន្តលើកយកនិទានរឿងមន្ត្រីគ្រាប់ល្ពៅជូនសិស្សក្រមការ កម្មសិក្សាការី។ សម្តេចស្នើឲ្យពួកគេចៀសឲ្យបានមន្រ្តីប្រភេទទីមួយ ដែលមិនត្រឹមតែកុហកព្រះរាជានោះទេ ថែមទាំងទម្លាក់កំហុសដល់អ្នកដទៃថែមទៀត។

សម្តេចតេជោ បានបញ្ជាក់ថា ចាប់តាំងពីសម្តេចធំដឹងក្តី គឺមានមនុស្ស៣ប្រភេទនេះ ក្នុងសង្គមកម្ពុជា ជាពិសេសការក្តិចត្រួយគ្នា។ ចំណុចនេះសម្តេចស្នើឲ្យមន្ត្រីធ្វើការដោយស្មោះត្រង់ ហើយចៀសវាងការច្រណែននិន្ទាគ្នា។

ពាក់ព័ន្ធទៅនឹងបញ្ហាពាណិជកម្ម ដែលកំពុងតែឡើងកំដៅនៃប្រទេសមហាអំណាចសេដ្ឋកិច្ចនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេស មានឧស្សាហកម្មលូតលាស់ទាំង៧ របស់ពិភពលោក។ ដោយសម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា បើពិភពលោកមានបញ្ហាសេដ្ឋកិច្ចនោះ កម្ពុជាក៏នឹងជួបការលំបាកលើបញ្ហាសេដ្ឋកិច្ចនេះផងដែរ ដែលទាមទារឲ្យមានការតាមដានយកចិត្តទុកដាក់ឲ្យបានខ្ពស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor