header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ដែលវាយធ្វើបាបកូនបង្កើតរបស់ខ្លួន ហើយត្រូវបានគេថតវិដេអូបង្ហោះចែករំលែកតាមបណ្តាញទំនាក់ទំនងសង្គម Facebook ទទួលរងការរិះគន់យ៉ាងខ្លាំង ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួននោះ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រូវកម្លាំង​នគរបាលជំនាញបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីផ្ដន្ទាទោសតាមច្បាប់។

ការឃាត់ខ្លួនឪពុកម្នាក់នេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ ត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងស្ថិតក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោក ប៉ុល​ ពិធេយ្យ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហ៊ិន សុផាន់ណា អាយុ៣៩ឆ្នាំ ត្រូវបានឃាត់ខ្លួន​នៅចំណុចផ្ទះលេខ៧៣ ផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកុមារារងគ្រោះឈ្មោះ ហេង ឡិថុន ភេទ​ប្រុស អាយុ៦ឆ្នាំ។

របាយការណ៍របស់លោក ប៉ុល ពិធេយ្យ ដែលបណ្ដាញព័ត៌មានទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ឲ្យដឹងថា ​បើតាមការបំភ្លឺរបស់ដើមបណ្តឹងឈ្មោះ តាំង ធីតា ​​ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាម្ដាយមីងកុមាររងគ្រោះ បានរៀបរាប់ថា ​​ឈ្មោះ​ ហ៊ិន សុផាន់ណា ធ្លាប់ជាប់គុកពីរលើក និងធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយឧស្សាហ៍ឈ្លោះគ្នា​វាយតបគ្នា និងឧស្សាហ៍ឃើញប្រើអំពើហិង្សាទៅលើកូនទាំង៤នាក់ ក្នុងនោះ កូនឈ្មោះ ហេង រិទ្ធី អាយុ១៥ឆ្នាំ និងកូនឈ្មោះ ហេង ឡឹថុង អាយុ​៦ឆ្នាំ វាយច្រើនជាងគេ ដែលវាយដោយប្រើ​​ធូប ទំពក់ហាលខោអាវ ខ្សែក្រវ៉ាត់ ទះ ទាត់ ដាល់​។

លុះព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨​ ខ្លួនបានឃើញជនដៃដល់ ប្រើអំពើហិង្សាយ៉ាងខ្លាំងទៅលើឈ្មោះ ហេង ឡឹថុង ដោយយកជើងទាត់​ក្មួយឈឺយំយ៉ាងខ្លាំង ហើយក្មួយលើកដៃសំពះអង្វរឪពុក ដោយនិយាយថា «ប៉ាខ្ញុំឈប់ហើយ ប៉ាខ្ញុំលែងហ៊ានហើយ»។ ហើយខ្លួនបាននិយាយជាមួយក្មួយឈ្មោះ ហេង រិទ្ធី ថានឹងយកទូរស័ព្ទថតបង្ហោះឲ្យល្បីម្តង ប៉ុន្ដែជនដៃដល់នៅបន្តវាយកូននឹងទំពក់ខោអាវទាត់មួយជើងទៀត រួចចាប់ជើងទាំងពីរលើកឡើងលើ ក្បាលចុះក្រោមបម្រុងបោក។ ក្រោយមក ខ្លួនឃើញក្មួយអង្គុយទ្រោបលើក្បាលជង្គុងម្នាក់ឯង រយៈពេលជាងមួយម៉ោង។

តាមការបំភ្លឺពីកុមាររងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ «ម៉ាក់បានឲ្យខ្លួន​ទៅលក់នំនៅមុខផ្ទះជាមួយបងប្អូន រួច​ខ្លួនបានកាន់លុយចំនួន២៥០០រៀល យកទៅឲ្យម៉ាក់នៅក្នុងផ្ទះ ក៏ជ្រុះលុយនៅក្បែរទូរលក់ទូរស័ព្ទរបស់មីង ប៉ាបានឃើញលុយជ្រុះនោះ ក៏ឲ្យខ្លួនរើសយកទៅឲ្យម៉ាក់ បន្ទាប់មកប៉ាបានសួរខ្លួនថា លួចលុយអត់? ខ្លួនថា មិនលួចលុយទេ ប៉ាគាត់ស្តីជេរ និងវាយខ្លួនជាមួយទំពក់ខោអាវជ័រលើខ្នង ភ្លៅ ស្មារ ជើង និងយកជើងមកទាត់។ ប៉ាស្រែកថា កុំចេះតែលួច រួចចាប់ជើងខ្លួនគេទាំងពីរលើកឡើងលើ ក្បាលចុះក្រោមបម្រុងនឹងបោក។ ពេលប៉ាវាយមកលើខ្លួន ម៉ាក់ និងយាយ មិននៅផ្ទះទេ»។

កុមារារងគ្រោះបន្តថា ពីមុនមក ប៉ាធ្លាប់វាយមកលើខ្លួនគេជាញឹកញាប់ គាត់ខឹងខ្លួនគេថា ពូកែដើរលេង មិនសូវចូលផ្ទះ ហើយខ្លួនក៏ធ្លាប់បានឃើញប៉ាវាយបងៗជាញឹកញាប់ដែរ ហើយប៉ាធ្លាប់វាយម៉ាក់នឹងខ្សែក្រវ៉ាតនៅក្នុងបន្ទប់។

កម្លាំងនគរបាលជំនាញ អាចសន្និដ្ឋានបានថា ជនឈ្មោះ ហ៊ិន សុផាន់ណា ភេទប្រុស អាយុ៣៩ឆ្នាំ ពិតជាបានប្រព្រឹត្តបទល្មើសធ្វើទារុណកម្មដោយឃោរឃៅទៅលើកុមារាឈ្មោះ ហេង ឡឹថុង ដូចដែលគេបង្ហោះតាមហ្វេសប៊ុកពិតប្រាកដមែន និងធ្វើទារុណកម្មឃោរឃៅលើកុមារាឈ្មោះ ហេង រិទ្ធី ផងដែរ។ បទល្មើសនេះ មានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា២១៩​។

ដោយឡែក ជននេះក៏បានឆ្លើយសារភាពផងដែរថា ខ្លួនធ្លាប់ជាប់ឃុំចំនួន២លើក ដោយ​លើកទី១ ករណីពាក់ព័ន្ធអំពើប្លន់ ជាប់ពន្ធនាគារ៤ឆ្នាំ និងលើកទី២ ករណីពាក់ព័ន្ធគ្រឿងញៀន ជាប់ពន្ធនាគារ១ឆ្នាំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post