header ads

Sponsor

ពិសី

ស្ទឹងត្រែងៈ បុរសជនជាតិឡាវម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាមួយគ្រឿងញៀនប្រហែល៣គីឡូក្រាម ខណៈជនសង្ស័យបម្រុងនាំយកឆ្លងដែនចូលកម្ពុជា កាលពីវេលាម៉ោង១៖៣០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចស្ពានទី២ ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ នេះជាករណីបង្ក្រាបបទល្មើសគ្រឿងញៀនដ៏ធំទី២ សម្រាប់ចុងខែមិថុនានេះ នៅខេត្តស្ទឹងត្រែង។

សមត្ថកិច្ចឲ្យដឹងថា កម្លាំងនគរបាលព្រំដែន BLO សហការជាមួយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃការិយាល័យ ក៩ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបករណីគ្រឿងញៀនដ៏សន្ធឹកសន្ធាប់១ករណីទៀត ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ថង លូនប៉ាសឺត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅប៉ាកសេ ខេត្តប៉ាសាក់ ប្រទេសឡាវ និងដកហូតវត្ថុតាងគ្រឿងញៀនចំនួន៣កញ្ចប់ធំៗ មានទម្ងនន់ប្រហែល៣គីឡូក្រាម។

ក្រោយការបង្ក្រាប ជនសង្ស័យខាងលើ និងវត្ថុតាងគ្រឿងញៀនទាំង៣គីឡូ ត្រូវបានបញ្ជូនពីព្រំដែនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី។

កាលពីបីថ្ងៃមុននេះ កម្លាំងសមត្ថកិច្ចជំនាញនៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ក៏បង្ក្រាបបានករណីនាំគ្រឿងញៀនឆ្លងដែនមួយករណីផងដែរ ដែលក្រុមឈ្មួញបានលាក់គ្រឿងញៀនប្រមាណ១២០ដុំធំ ស្មើនឹង១២០គីឡូក្រាម ជាប្រភេទម៉ាទឹកកក អ៊ិចស្ដាហ្ស៊ី នៅក្នុងរថយន្តក្រុងរបស់ក្រុមហ៊ុន “ភ្នំពេញ សូរិយា” ដឹកជញ្ជូនអ្នកដំណើរ ខណៈពួកគេមានបំណងនាំចេញពីប្រទេសឡាវ មករាជធានីភ្នំពេញ។

សម្រាប់ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៦នាក់ រួមទាំងបុគ្គលិក៣នាក់ របស់ក្រុមហ៊ុន “ភ្នំពេញ សូរិយា” ដឹកជញ្ជូនអ្នកដំណើរ ដែលមានការពាក់ព័ន្ធ ហើយកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី និងឈានទៅស្រាវជ្រាវរកមេក្លោងធំនៅពីក្រោយខ្នង។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ជុំវិញករណីបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនដ៏សម្បើម២ករណីផ្ទួនៗគ្នានេះ មានការលើកឡើង និងបង្ហាញពីចម្ងល់ផ្សេងៗគ្នាថា ហេតុអ្វីសមត្ថកិច្ចអនុវត្តន៍ស្ដង់ដារផ្សេងគ្នា ដោយករណីទី២ បង្ក្រាបបានគ្រឿងញៀនតែ៣គីឡូក្រាមទេ តែសមត្ថកិច្ចហៅអ្នកកាសែតឲ្យចូលថត ខណៈករណីទី១ បង្ក្រាបបានគ្រឿងញៀន១២០គីឡូ តែសមត្ថកិច្ចមិនធ្វើសន្និសីទកាសែត ឬបង្ហាញឲ្យអ្នកសារព័ត៌មានចូលថត និងយកព័ត៌មាន។

គួរបន្ថែមថា បន្ទាប់ពីបង្ក្រាបគ្រឿងញៀនដ៏សម្បើម ដែលក្រុមឈ្មួញដឹកតាមរថយន្តក្រុងរបស់ក្រុមហ៊ុន “ភ្នំពេញ សូរិយា” ដឹកជញ្ជូនអ្នកដំណើរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតសរសើរដល់បណ្តានគរបាល នៃប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមានស្នាដៃយ៉ាងធំធេង ក្នុងការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនកម្ពុជា-ឡាវ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post