Sponsor
ពិសី

ភ្នំពេញៈ ឪពុកកូនពីរនាក់ បានគេចផុតពីឃាតករលាក់មុខទាំងតក់ស្លុត នៅចំណុចផ្លូវលេខ៦០ម៉ែត្រ ព្រំប្រទល់ភ្នំពេញ និងខេត្តតាខ្មៅ ក្រោមគ្រោះថ្នាក់ចរាចរ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ រវាងរថយន្តកាមរីបាឡែន នឹងរថយន្តតាកូម៉ា បណ្តាលឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលក្នុងនោះក្មេងប្រុសតូចម្នាក់ បានប៉ះទង្គិចធ្ងន់ធ្ងរ បណ្តាលឲ្យសន្លប់ស្តូកស្តឹងផងដែរ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា ភ្លាមៗក្រោយគ្រោះថ្នាក់ កម្លាំងអន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងរក្សាសណ្តាប់ធ្នាប់នៅក្បែរកន្លែងកើតហេតុ បានចូលទៅសង្គ្រោះឪពុកកូនទាំងពីរ និងនាំក្មេងប្រុសទៅសង្គ្រោះនៅមន្ទីរពេទ្យប្រកបដោយការយកចិត្តទុកដាក់។ មិនតែប៉ុណ្ណោះ កម្លាំង(គ) អន្តរាគមន៍របស់អាវុធហត្ថរាជធានីភ្នំពេញ បាននាំគ្នាប្រម៉ែប្រមូលបំណែករថយន្ត និងបោសសម្អាចកម្ទេចកំទីកញ្ចក់រថយន្តចេញពីផ្លូវថ្នល់ ដើម្បីកុំឲ្យបង្កការរំខានដល់អ្នកដំណើរផ្សេងទៀត និងកុំឲ្យប៉ះពាល់សោភ័ណភាពផ្លូវថ្នល់ផងដែរ។

គ្រោះថ្នាក់ចរាចរណ៍ត្រូវបានគេចាត់ទុកថា ជាឃាតករលាក់មុខដ៏សាហាវបំផុតគួរឲ្យភ័យខ្លាច ដោយបានធ្វើឲ្យមនុស្សជាច្រើននាក់ ត្រូវស្លាប់បាត់បង់ជីវិត ក៏ដូចជារងរបួសធ្ងន់ និងស្រាល ហើយរថយន្ត និងម៉ូតូរាប់រយពាន់គ្រឿង ក៏បានរងការខូចខាតផងដែរ។ មានមូលហេតុជាច្រើន ដែលនៅតែធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ពុំមានការថយចុះ ជាពិសេស គឺការបំពានច្បាប់ចរាចរណ៍ មិនគោរពច្បាប់ចរាចរណ៍ បើកបរពេលស្រវឹង បើកបរបញ្ច្រាសទិស បើកជែងលើផ្លូវតូចចង្អៀត ហើយក៏មានបញ្ហាបច្ចេកទេសយានយន្តផងដែរ។

ដូច្នេះដើម្បីសុវត្ថិភាពអាយុជីវិតនៅលើដងផ្លូវ យើងទាំងអស់គ្នាត្រូវគោរពច្បាប់ចរាចរណ៍ ដោយយកចិត្តទុកដាក់ ហើយត្រូវមានការយោគយល់អធ្យាស្រ័យគ្នាពេលបើកបរយានយន្ត។ ជាពិសេសការត្រួតពិនិត្យបច្ចេកទេសយានយន្តមុនពេលបើកបរ គឺជារឿងសំខាន់បំផុត ដើម្បីសុវត្ថិភាពនៅលើដងផ្លូវ។ ជាងនេះទៅទៀតមិនត្រូវបើកបរនៅពេលស្រវឹង ឬបើកជែងនៅលើផ្លូវតូចចង្អៀតនោះឡើយ។ ការគោរពច្បាប់ចរាចរណ៍ និងការយោគយល់គ្នារវាងអ្នកបើកបរ គឺជាបញ្ហាដ៏សំខាន់បំផុត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយហានិភ័យ និងសោកនាដកម្មនៅលើដងផ្លូវ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor