header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ប្រទេសថៃៈ បុរសជាពលករខ្មែរម្នាក់ ត្រូវពលករខ្មែរដូចគ្នា ធ្វើការនៅប្រទេសថៃ លបវាយនឹងដំបងជ្រុង បណ្តាលអោយស្លាប់ ក្រោយពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃទី៤ ខែមិថុនា  ឆ្នាំ២០១៨  វេលាម៉ោង ១២ ថ្ងៃត្រង់  នៅត្រង់ចំណុចទីតាំងកន្លែងបាញ់ថ្នាំរថយន្ត មួយកន្លែង លេខ ១៩/១  ស្ថិតក្នុងភូមិ១  ឃុំណងរី  ស្រុកមឿង  ខេត្តឈុនបុរី  ប្រទេសថៃ។

ជនរងគ្រោះមានឈ្មោះ វ៉ា គឹមសេង  អាយុ៣៧ឆ្នាំ  ប៉ុន្តែគេមិនទាន់ដឹងថា ជនរងគ្រោះរស់នៅក្នុងខេត្តណា  នៃប្រទេសកម្ពុជា នោះឡើយ។

បើតាមការអះអាងពីសាក្សីឈ្មោះ ស៊ុ សក្តិ  អាយុ៤៧ឆ្នាំ  ជាជនជាតិថៃ ធ្វើការនៅកន្លែងជាមួយគ្នា  បាននិយាយថា  នៅមុនពេលកើតហេតុ  គឺជនរងគ្រោះ កំពុងអង្គុយធ្វើការជាធម្មតា  ឯខ្លួនក៏នៅធ្វើការមិនឆ្ងាយពីគ្នាប៉ុន្មានដែរ។ ភ្លាមនោះក៏ស្រាប់តែឮដូចជាសម្លេងគេវ៉ៃមនុស្ស  លុះពេលក្រលេកមើលទៅម្តងទៀត  គឺឃើញ ជនរងគ្រោះដួលដេកទៅលើដី  ពោរពេញដោយឈាមទៅហើយ  ដោយនៅពីក្រោយខ្នង ឃើញឈ្មោះ ផេក លៀប អាយុ២៧ឆ្នាំ  ត្រូវជាក្មួយ  កំពុងឈរកាន់ដំបងឈើជ្រុងវាយបន្ថែមទៀត  ទើបខ្លួនបានលោតទៅស្រែឃាត់  ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់តែម្តង។

ដោយឡែកអ្នកស្រី ថុនឌី សកល  អាយុ៣៧ឆ្នាំ  ជាថៅកែនៅកន្លែងកើតហេតុនេះ បានលើកឡើង និងសរសើរថា  ជនសង្ស័យខាងលើ  គេគឺជាមនុស្សរាបសារណាស់ ដោយមិនដែលចេះកោងកាចដាក់អ្នកណាម្នាក់ឡើយ  ដោយគ្រាន់តែកន្លងមក  គេធ្លាប់ មានរោគសសៃប្រសាទ  ហើយសង្ស័យថា  អាចខានលេបថ្នាំយូរពេកទើបរោគសញ្ញានេះ រើឡើងវិញ។ ក្រុមតម្រួតបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តឈុនបុរី ព្រមទាំងបានជួយធ្វើចលនាបេះដូងផង  ប៉ុន្តែជនរងគ្រោះបានស្លាប់ដោយមិនទាន់បាន ទៅដល់មន្ទីរពេទ្យផង ។ ឯជនសង្ស័យត្រូវបានសមត្ថកិច្ចថៃ  តាមប្រមាញ់នឹងចាប់ខ្លួនបាននៅត្រង់ចំណុចឃុំបាងប៉្លាសយ  ក្នុងស្រុកមឿង  ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post