header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ រថយន្តហាយឡេនឌ័រ១គ្រឿង ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងគ្រាដែលកំពុងបើកបររួចបត់ចូលចាក់សាំង បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងម្ចាស់ការ៉ាស់សាំង ឲ្យភ័យព្រលឹងសក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងបរិវេណស្ថានីយប្រេងឥន្ធនៈមួយកន្លែង ក្បែរកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក សេស វិបុល អធិការ នៃអធិការស្រុកអូរជ្រៅបានឲ្យដឹងថា រថយន្តដែលរងគ្រោះម៉ាកហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AK-6805 បើកបរដោយឈ្មោះ បឿយ បៀ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

យោងតាមសម្តីម្ចាស់រថយន្តបានឲ្យដឹងថា រថយន្តរបស់គាត់បំពាក់ប្រព័ន្ធហ្គាស។ មុនពេលកើតហេតុ រូបគាត់ និងក្រុមគ្រួសារមានបំណងទៅលេងក្រុងប៉ោយប៉ែត។ លុះជិះដល់ពាក់កណ្តាលផ្លូវ ក៏ចូលចាក់ហ្គាសនៅចំណុចកើតហេតុខាងលើ។ ខណៈនោះ មិនដឹងយ៉ាងម៉េច ស្រាប់តែរថយន្តរបស់គាត់បានឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះឡើង ធ្វើឲ្យពួកគាត់បើកទ្វារស្ទុះចេញពីរថយន្តស្ទើរតែមិនទាន់។

ក្រោយពេលទទួលបានដំណឹងនេះភ្លាម ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនរថយន្តសង្គ្រោះ ចំនួន២គ្រឿងដើម្បីទៅជួយអន្តរាគមន៍បាញ់ពន្លត់។

លោក សេស វិបុល អះអាងថា ករណីនេះ បណ្តាលមកពីការតប្រព័ន្ធហ្គាសមិនមានស្តង់ដារ ទើបបង្កឲ្យមានការឆាបឆេះ។ ដូច្នេះសូមអ្នកប្រើប្រាស់រថយន្តបំពាក់ប្រព័ន្ធហ្គាសទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងឧស្សាហ៍ត្រួតពិនិត្យមុនធ្វើដំណើរទៅទីជិតទីឆ្ងាយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post