
ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រម សម្រេចផ្ដន្ទាទោសស្ត្រីជនជាតិវេណហ្ស៊ុយអេឡាម្នាក់ ដាក់ពន្ធនាគារ៣០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូនសារធាតុញៀន ឆ្លងដែនដោយខុសច្បាប់ តាមមាត្រា៤០ នៃច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ។
ជនជាប់ចោទឈ្មោះ NEILIN COROMOTO អាយុ២៨ឆ្នាំ ជនជាតិវេណេហ៊្សុយអេឡា ជាអ្នកទេសចរ កាន់លិខិតឆ្លងដែនលេខ 121100315 ។
ចៅក្រមជំនុំជម្រុះ បានប្រាប់ឲ្យជនជាប់ចោទប្ដឹងទៅតុលាការជាន់ខ្ពស់ បើសិនជាគាត់កើតទុក្ខមិនសុខចិត្ត និងសេចក្ដីសម្រេចនៃសាលក្រមនេះ ។

ជាការកត់សម្គាល់នៅក្នុងការប្រកាសសាលក្រមរឿងក្ដីគ្រឿងញៀននេះ គេឃើញមានមន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចំនួន២នាក់ និងសាច់ញាតិរបស់ជនជាប់ចោទបានចូលមកស្ដាប់លទ្ធផល នៃការសម្រេចសេចក្ដីនេះដែរ។ ពួកគេមានសេចក្ដីព្រួយបារម្មណ៍ពីបញ្ហាសុខភាពរបស់ជនជាប់ចោទ នៅក្នុងអំឡុងពេលនៃការជាប់ពន្ធនាគារ៣០ឆ្នាំនេះ ។
សូមរំលឹកថា លោកស្ត្រី NEILIN COROMOTO ត្រូវបានអាជ្ញាធរកម្ពុជា ឃាត់ខ្លួន កាលពីវេលា៦៖៣០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈនាងធ្វើដំណើរតាមយន្តហោះមកពីប្រទេសថៃ ។

ក្នុងការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ សមត្ថកិច្ចបានរកឃើញថា នារីជាជនជាតិវេណេហ្ស៊ុយអេឡាម្នាក់នេះ បានប្រើវិធីសាស្ត្របង្កប់គ្រឿងញៀនប្រភេទកូកាអ៊ីន រហូតទៅដល់ចំនួន១៧៩,១២៣ក្រាមឯណ្ណោះ នៅក្នុងឡេវអាវរាប់រយគ្រាប់ ក្នុងកាបូបដាក់ខោអាវធំមួយ ហើយធ្វើដំណើរតាមជើងយន្តហោះ PG935 ពីទីក្រុងបាងកកប្រទេសថៃ ចូលមកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ក៏ត្រូវកម្លាំងមានសមត្ថកិច្ចចម្រុះ ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានការសង្ស័យ ក៏ធ្វើការឆែកឆេររកឃើញសារធាតុញៀនជាច្រើន ដែលគេបង្កប់ក្នុងឡេវអាវ ឡេវខោរាប់រយគ្រាប់ ក៏ឃាត់ខ្លួនតែម្តង ហើយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៧ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកតុលាការ ។
ក្រោយការសាកសួរតំណាងអយ្យការ និងចៅក្រមតុលាការកម្ពុជា បានឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្ដោះអាសន្នសិន ក្រោមការចោទប្រកាន់ពីបទដឹកជញ្ជូនសារធាតុញៀនឆ្លងដែនខុសច្បាប់ ទើបនៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ ចៅក្រមបានបង្គាប់ឲ្យអនុរ័ក្សពន្ធនាគារបញ្ជូននាងមកតុលាការ ដើម្បីបើកកញ្ចប់គ្រឿងញៀនជាវត្ថុតាងនោះ នៅចំពោះមុខនាងតែម្ដង ដើម្បីបិទសំណុំរឿងសើបសួរបញ្ជូនមកជំនុំជម្រុះ និងប្រកាសសាលក្រម នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ៕