header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ដឹកនាំបញ្ជាដោយលោក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន និងការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានបង្ក្រាបមេខ្យល់ដែលបានធ្វើសកម្មភាពនាំនារីខ្មែរ៣នាក់ ចាប់តាំងពីឆ្នាំ២០១៤ ដល់ខែឧសភា ឆ្នាំ២០១៨ យកទៅលក់ឲ្យធ្វើជាប្រពន្ធជនជាតិចិន នៅប្រទេសចិន។

លោក ប៉ុល ភិធេយ្យ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ទី១.ឈ្មោះ ស៊ូ សុភាព ហៅស្រីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ជាមេខ្លោង ទី២.ឈ្មោះ ឃួន សារ៉ាវុធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកសម្របសម្រួល ទី៣.ឈ្មោះ សុខ សុទ្ធារក្ស ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ជាអ្នកនាំស្រ្តីខ្មែរទៅចិន និងទី៤.ឈ្មោះ ផល ផា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ជាអ្នកដឹកជញ្ជូន។ អ្នកទាំង៤អ្នកនេះ ស្នាក់នៅផ្ទះជួលលេខ៩៤បេ ផ្លូវលេខ១៥០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីខាងលើបានឲ្យដឹងទៀតថា តាមការស្រាវជ្រាវជនសង្ស័យខាងលើបានធ្វើសកម្មភាពនាំនារីខ្មែរ៣០នាក់ ចេញពីប្រទេសកម្ពុជាឆ្លងដែនដោយខុសច្បាប់ទៅប្រទេសចិន ដើម្បីរៀបអាពាហ៍ពិពាហ៍ ផ្ទុយពីឆន្ទៈ ដោយបានតម្លៃក្នុងម្នាក់ៗចាប់ពី៥.០០០ដុល្លារ ដល់១០.០០០ដុល្លារ។

មន្ត្រីដដែលបន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានរថយន្តសម្រាប់ដឹកជញ្ជូនស្រ្តីខ្មែរ២គ្រឿង ក្នុងនោះ១គ្រឿង ម៉ាក Lexus RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AS-8028 និង១គ្រឿងទៀត ម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-6180 , លុយចំនួន៩.៥០០ដុល្លារអាមេរិក និងទូរស័ព្ទដៃ៨គ្រឿងផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង៤នាក់នេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ប៉ុន្តែសម្រាប់ករណីនេះមជ្ឈដ្ឋានមួយចំនួននឹងរង់ចាំចំណាត់ការរបស់តុលាការលើក្រុមមេខ្យល់ទាំងនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post