header ads

Sponsor

រិទ្ធី

យុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នឹងចាប់ផ្តើមពីថ្ងៃទី៧-២៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។ គណបក្សប្រជាជនកម្ពុជា (CPP) នឹងរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជាលក្ខណៈទ្រង់ទ្រាយធំនៅថ្ងៃ៧ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីរំលឹកខួបលើកទី៦៧ នៃថ្ងៃកកើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌ កោះពេជ្រ។ នេះយោងតាមលិខិតរបស់គណបក្សប្រជាជនកម្ពុជា។

លិខិតដដែលបានឱ្យដឹងថា៖ គណបក្សនឹងជួលប្រព័ន្ធវិទ្យុ និងទូរទស្សន៍ឯកជននានា ដើម្បីធ្វើការផ្សាយបន្តផ្ទាល់ ចាប់ពីម៉ោង ៦:៥០នាទីដល់ម៉ោង៩ព្រឹក។

ខ្លឹមសារនៃលិខិតនេះចែងថា៖ ប្រធានគណៈកម្មាធិការគ្រប់គណបក្សរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ចាត់ចែងឱ្យមានការផ្សាយបន្តផ្ទាល់តាមគ្រប់មធ្យោបាយ ពីវិទ្យុ ទូរទស្សន៍ឯកជននានា នូវការថ្លែងសុន្ទកថានយោបាយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សឱ្យបានទៅដល់គ្រប់ទីតាំងរបស់គណបក្ស ដែលមានការជួបជុំប្រារព្ធពិធីមុនការហែរក្បួនឃោសនា ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានឃើញ រូបភាព និងបានឮសំឡេងផ្ទាល់របស់សម្ដេច។

ពេលស្ដាប់សុន្ទរកថានយោបាយរបស់សម្ដេចប្រធានគណបក្សចប់ ក្បួនឃោសនាគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវចេញហែរឬឃោសនាតាមគោលដៅ នានាដែលបានគ្រោងទុក ហើយត្រូវមានការផ្គត់ផ្គង់អាហារ ទឹកសុទ្ធ ការថែរក្សាសុខភាព និងសុវត្ថិភាព ជូនដល់អ្នកចូលរួមហែរ។

ខុទ្ទកាល័យនឹងផ្ញើសុន្ទរកថារបស់សម្ដេច ហ៊ុន សែន ទៅគ្រប់ប្រធានគណបក្សរាជធានី-ខេត្ត នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ តាមប្រព័ន្ធតេឡេក្រាម (Telegram)។

គួររំលឹកថា សម្តេច ហ៊ុន សែន បានចេញធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជាលើកដំបូងកាលពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីឆ្នាំ២០១៧។

ការធ្វើសកម្មភាពឃោសនាបោះឆ្នោត  ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦នេះ មានរយៈពេល ២១ថ្ងៃ គឺគិតចាប់ពីថ្ងៃទី៧-២៧ខែកក្កដា ឆ្នាំ២០១៨ ហើយទុកមួយថ្ងៃ ជាថ្ងៃស គឺថ្ងៃ២៨ កក្កដា ដោយមិនឲ្យមានធ្វើសកម្មភាពអ្វីនោះទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post