header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សម រង្ស៊ី ដែលមនុស្សគ្រប់គ្នាដឹងថា ជាអតីតមេបក្សប្រឆាំង បានអះអាងថា សហគមន៍អឺរ៉ុប(EU) នឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយកម្ពុជា ដោយសារកម្ពុជា មិនបានគោរពលទ្ធិប្រជាធិបតេយ្យ និងស្នើឲ្យអង្គការសហប្រជាជាតិ ដកហូតអាសនៈកម្ពុជា ត្រូវបានលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានឆ្លើយតបទៅលោក សម រង្ស៊ី ថា រហូតមកដល់ពេលនេះ កម្ពុជានិងសហគមន៍អឺរ៉ុប នៅតែមានទំនាក់ទំនង និងមានកិច្ចព្រមព្រៀងសហប្រតិបត្តិល្អជាមួយគ្នាដដែល ដោយគ្មានការប្រែប្រួលឡើយ។ លោកថា អង្គការសហប្រជាជាតិមិនមែនស្ថិតនៅក្រោមបទបញ្ជា របស់ប្រទេសណាមួយ ឬមនុស្សមួយក្រុមណាមួយឡើយ ។

ក្នុងឱកាសផ្ដល់បទសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មាន ស្ដីពីការជាប់ជាអនុប្រធានសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី៨ មិថុនានេះ លោក អ៊ុច បូររិទ្ធ បានឲ្យដឹងថា អ្នកដែលទាមទារឲ្យដេញខ្មែរចេញពីអង្គការសហប្រជាជាតិ គឺខ្មែរគ្នាឯងតែម្ដង ជាពិសេស លោក សម រង្ស៊ី ។

លោកបញ្ជាក់ថា “ឥឡូវទៅទាមទារឲ្យអង្គការសហប្រជាជាតិ បដិសេធអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ ។ ខ្ញុំសុំថា នេះឬជាស្មារតីសេ្នហាជាតិរបស់ សម រង្ស៊ី! សូមជម្រាបទៅវិញថា អង្គការសហប្រជាជាតិ មិនមែនជាអង្គការ នៅក្រោមការគ្រប់គ្រងដឹកច្រមុះរបស់លោក សម រង្ស៊ីទេ ហើយក៏ជាអង្គការមួយនេះ មិនមែននៅក្រោមការដឹកនាំរបស់ប្រទេសណាមួយដែរ” ។

លោកបន្តថា លោក សម រង្ស៊ី កុំដេកស្រមើលស្រមៃថា អង្គការសហប្រជាជាតិ នឹងធ្វើតាមការស្នើរបស់ខ្លួនឲ្យសោះ គឺមិនអាចទៅរួមទេ ។ លោកក៏បានឲ្យលោក សម រង្ស៊ី ទៅដេកមើលធម្មនុញ្ញអង្គការសហប្រជាជាតិឡើងវិញ មុននឹងនិយាយអ្វីមួយ ។

ពាក់ព័ន្ធសហគមន៍អឺរ៉ុបផ្ដាច់ទំនាក់ទំនងជាមួយកម្ពុជា លោក អ៊ុច បូររិទ្ធ បានថ្លែងថា លោក សម រង្ស៊ី ជាប់ចំណាត់ថ្លាក់លេខ១ ក្នុងពិភពលោកខាងបំភ្លៃភូតកុហក និងបំប៉ោងព័ត៌មាន ជាពិសេស រឿងនិយាយថា EU កាត់ផ្ដាច់ទំនាក់ទំនងជាមួយកម្ពុជា ។

លោកបន្ថែមថា រហូតដល់បច្ចុប្បន្ននេះ សហគមន៍អឺរ៉ុប មិនមានហេតុផលណាមួយ ដែលត្រូវកាត់ផ្ដាច់ទំនាក់ទំនងជាមួយកម្ពុជា ឬការដាក់ទណ្ឌកម្មផ្សេងៗ មកលើកម្ពុជាទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post