header ads

Sponsor

ពិសី

ភ្នំពេញៈ មន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងអ្នករស់នៅតាមតំបន់ទំនាបនានា ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារគ្រោះថ្នាក់ ដែលកើតមានឡើងជាយថាហេតុ ព្រោះលំហូរនៃទឹកទន្លេមេគង្គ កំពុងមានសន្ទុះហក់ឡើងយ៉ាងគំហុក ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ដោយមើលឃើញពីស្ថានភាពជំនន់ទឹកទន្លេមេគង្គ មានសន្ទុះហក់ឡើងយ៉ាងគំហុក នាប៉ុន្មានថ្ងៃចុងក្រោយនេះ គួរឲ្យមានការព្រួយបារម្មណ៍ មន្ទីរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ក៏ដូចទន្លេសាប ទន្លេបាសាក់ និងអ្នករស់នៅតាមតំបន់ទំនាបនានា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ដើម្បីបង្កាការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះស្ថានភាពទឹកនាពេលនេះ កំពុងបន្តហក់ឡើង ។

លោកបន្តថា អនុវត្តតាមការណែនាំពី ក្រសួងធនធានទឹក លើវិធានការការពារ ក៏ដូចការផ្សព្វផ្សាយអំពីស្ថានភាពទឹកជំនន់ទន្លេមេគង្គនេះ មន្ទីរធនធានទឹក និងឧតុនិយមរាជធានី ក៏បានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌមួយចំនួន ដែលមានប្រជាជនរស់នៅតាមដងទន្លេ សុំឲ្យជួយផ្សព្វផ្សាយបងប្អូនអំពីស្ថានភាពជំនន់ទឹកទន្លេមេគង្គនេះ ដើម្បីមានវិធានការការពារ ទ្រព្យសម្បត្តិ អាយុជីវិតកូន ចៅ និងសត្វធាតុបង្ការទុកជាមុនបានទាន់ពេល ។

សូមបញ្ជាក់ថា តាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដែលក្រសួងធនធានទឹក និងឧតុនិយម ប្រកាសកាលពីថ្ងៃទី១៦ ខែកក្កដា បានព្យាករណ៍ថា ទឹកទន្លេមេគង្គបាន ហក់ឡើង ដោយសារនៅប្រទេសឡាវ និងថៃ កំពុងទទួលរងនូវប្រព័ន្ធសម្ពានទាប មានភ្លៀងធ្លាក់យ៉ាងខ្លាំង ទើបធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើង និងជះឥទ្ធិពលដល់កម្ពុជា ។

ក្រសួងបញ្ជាក់ថា បន្ទាប់ពីតាមដានព្យាករណ៍លើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គនេះរួចមក ក្រសួងក៏បានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋឲ្យបានដឹង ពីឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបដែលបានកើតឡើង និងកំពុងស្ថិតលើតំបន់ផ្ទៃរងទឹកភ្លៀង របស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ បានធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងបង្កឲ្យទឹកទន្លេមេគង្គហក់ឡើងដូច្នេះ ។

ក្រសួងបានបញ្ជាក់ទៀតថា ក្នុងអំឡុងពេល២ ឬ៣ថ្ងៃ ខាងមុខនេះ ទឹកទន្លេមេគង្គលើ ក្នុងប្រទេសកម្ពុជា នឹងហក់ឡើង ហើយចាប់ផ្តើមហូរចូលតាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គលើ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post