header ads

Sponsor

ពិសី

ភ្នំពេញៈ ក្រុមជនសង្ស័យ​ជិះម៉ូតូជាច្រើនគ្រឿង ធ្វើសកម្មភាពដេញវាយប្លន់យកម៉ូតូពីរយុវជន២នាក់ បានសម្រេច រួចជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព មិនរំខាន​ដល់សមត្ថកិច្ចខណ្ឌទួលគោកឡើយ។

ករណីប្លន់ម៉ូតូខាងលើនេះ បានកើតមានឡើងកាលវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចជិតការ៉ាស់សាំង សូគីម៉ិច ច្រមុះជ្រូកអតីតរង្វង់មូលទួលគោកចាស់ តាមបណ្តោយផ្លូវ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះ ថឿន ប៊ុនថុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ  មុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលម្តុំផ្សារដីហុយ មានស្រុកកំណើត ស្អាងព្រែកតូច ខេត្តកណ្តាល រួម​នឹងមិត្តភក្តិជិះក្រោយឈ្មោះ ផុន ណារ៉ុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួលម្តុំផ្សារដីហុយ ជាមួយគ្នា មានស្រុកកំណើត រស់នៅសង្កាត់កាំបូល ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ បានប្រាប់រៀបរាប់ថា មុនដំបូងពួកគាត់បានចេញពីក្លឹបអូរ៉េន ខារ៉ាអូខេ នៅម្តុំផ្សារដីហុយ ក្នុងគោលបំណងទៅជួបសង្សារ ដោយជិះម៉ូតូម៉ាក Dream ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1S-4596  តាមបណ្តោយផ្លូវ៦០៨ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកន្លែងកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងដេញវាយពួកគេ បណ្ដាលឲ្យ​ត្រូវ​ចំក្បាលហូរ​ឈាម ហើយក៏ដួលម៉ូតូ ពួកគេ​បានរត់ចោលម៉ូតូ  ពេលនោះជនសង្ស័យក៏លើកយកម៉ូតូជិះចេញទៅស្ពានអាកាស៥មករា បាត់ស្រមោលឈឹងតែម្ដង។

ក្រោយកើតហេតុ​ជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ឲ្យសមត្ថកិច្ចជួយតាមស្វែងរកក្រុមជនសង្ស័យ ទាំងក្ដីសង្ឃឹមតិចតូចបំផុត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post