
ភ្នំពេញៈ បុរសម្នាក់ រងរបួសធ្ងន់ធ្ងរសន្លប់ឈឹងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង បើកបុកម៉ូតូរ៉ឺម៉កកង់បី ហើយមានកុងតឺន័រមួយគ្រឿងផ្សេងទៀត បើកបុកបន្ថែម រួចរថយន្តបង្កបើករត់គេចបាត់អស់ទាំង២គ្រឿង បន្សល់ទុកតែជនរងគ្រោះ និងរ៉ឺម៉កម៉ូតូកង់បី ខ្ទេចទាំងស្រុងនៅកន្លែងកើតហេតុប៉ុណ្ណោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩៖៤០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ តាមផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ វ៉ា ចន្ថា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានស្រុកកំណើតភូមិកន្ទួតព្រោង ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ជាអ្នកបើកម៉ូតូកង់បីម៉ាក VIVA ពណ៌ក្រហម ពាក់ស្លាកលេខ គ-7538 កច1។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូកង់បីជនរងគ្រោះសង្ស័យស្រវឹងស្រា បើកម៉ូតូល្បឿនលឿនរេពេញផ្លូវពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ត្រូវបានរថយន្តកុងតឺន័របើកពីជើងទៅត្បូងបុកកន្ទុយរ៉ឺម៉ក បណ្តាលឲ្យក្រឡាប់ ហើយត្រូវបានរថយន្តកុងតឺន័រមួយគ្រឿងផ្សេងទៀត បើកពីត្បូងទៅជើងបុកកិនបន្ថែម បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ធ្ងរ បាក់ដៃស្តាំ សន្លប់ឈឹងនៅកន្លែង ខណៈរ៉ឺម៉ករងខូចខាតខ្ទេចទាំងស្រុង ហើយរថយន្តបង្កទាំង២គ្រឿង ចែកជើងគ្នារត់គេចបាត់អស់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិករស្មី ដឹកយកទៅសង្រ្គោះ តែដោយសាររបួសធ្ងន់ពេក ទើបរថយន្តគិលានសង្គ្រោះពេទ្យរស្មី បញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំណែកម៉ូតូរ៉ឺម៉កកង់បី ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍កន្ទោក៕
