header ads

Sponsor

ពិសី

ស្វាយរៀងៈ យ៉ាងហោចណាស់ផ្ទះពលរដ្ឋចំនួន៧ខ្នង បានរងគ្រោះធម្មជាតិដោយសារភ្លៀងធ្លាក់ខ្លាំងៗ លាយឡំនឹងខ្យល់កន្ត្រាក់បោកបក់ បណ្តាលឲ្យដួលរលំ និងប៉ើងដំបូល ថែមទាំងបំផ្លាញទ្រព្យសម្បត្តិ ប៉ុន្តែពុំមានអ្នករងរបួសនោះទេ។ គ្រោះធម្មជាតិដ៏អាក្រក់នេះ បានកើតឡើងកាលពីវេលាម៉ោង៥៖៣០នាទី ល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ នៅភូមិកំពង់រទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជុំ រតនា ប្រាប់អ្នកសារព័ត៌មានយើងថា កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ មានភ្លៀងធ្លាក់ខ្លាំងៗ លាយឡំជាមួយនឹងផ្លេកបន្ទោល និងខ្យល់កន្ត្រាក់ បានបោកបក់មកលើភូមិឃុំខាងលើ បណ្តាលឲ្យផ្ទះចំនួន៥ខ្នង ដួលរាបដល់ដី និង២ខ្នង ប៉ើងដំបូល។ យ៉ាងណា គ្រោះធម្មជាតិនេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ប្រភពខាងលើបន្តថា នៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ គេឃើញមានសមត្ថកិច្ច និងអាជ្ញាធរដែនដី រួមនឹងប្រជាពលរដ្ឋចុះជួយរុះរើ និងរៀបចំផ្ទះរងគ្រោះខាងលើឡើងវិញផងដែរ។

សូមជម្រាបថា កន្លងមក លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក៏ធ្លាប់បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ មានប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះបញ្ហាគ្រោះធម្មជាតិ ដែលបង្កឲ្យខាតបង់ដល់ទ្រព្យសម្បត្តិ អាយុជីវិតមនុស្សសត្វផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post