header ads

Sponsor

ពិសី

ភ្នំពេញៈ បុរសពីរនាក់ បានស្លាប់បាត់បង់ជីវិត និង៣នាក់ទៀត រងរបួសធ្ងន់ស្រាល បន្ទាប់ពីតៃកុងរថយន្តហ៊ីយ៉ាន់ដាយ ងោកមួយភាំងជ្រុលចង្កូតទៅបុករថយន្តកូរ៉េមួយគ្រឿងទៀត ដែលចតអែបចិញ្ចើមផ្លូវពេញទំហឹង លាន់ដូចរន្ទះ។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង១៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ១ ចំណុចក្នុងភូមិទួលក្របៅ ឃុំគរគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះទី១ មានឈ្មោះ គ្រឿន សាមឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលេងភ្លេង ស្នាក់នៅភូមិទួលត្នោត ឃុំគរគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងទី២ មានឈ្មោះ សុខ រី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលេងភ្លេង ស្នាក់នៅភូមិទួលក្របៅ ឃុំគរគី ស្រុកកៀនស្វាយ ខេត្តកណ្ដាលដូចគ្នា។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7384 បើកដោយបុរសម្នាក់ រួមដំណើរជាមួយព្រូពីរនាក់ ពីលិចទៅកើតក្នុងល្បឿនលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារតៃកុងងោកមួយភាំង ក៏ជ្រុលចង្កូតទៅបុករថយន្តកូរ៉េក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ច3035 ភ.ព2 ជិះគ្នាបួននាក់ ដោយសាររថយន្តខូចបាននាំគ្នាចុះរុញពីក្រោយបុក ពេញទំហឹងបណ្ដាលឲ្យរថយន្តកូរ៉េ ដែលដឹកឧបករណ៍ភ្លេងក្រឡាប់ផ្ងាជើងម្ខាង ចាក់ចោលឧបករណ៍ភ្លេងពេញផ្លូវ និងបណ្ដាលឲ្យស្លាប់ភ្លាមៗនឹងកន្លែងពីរនាក់ ហើយរងរបួសធ្ងន់២នាក់ខាងភ្លេង រីឯខាងរថយន្តបង្ករងរបួសព្រូម្នាក់ ដាច់ម្រាមជើងពីរ ត្រូវរថយន្តសង្គ្រោះដឹកយកទៅភ្លាមៗ ដើម្បីព្យាបាល។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះ ក៏ដូចជាអ្នកបើកបរថយន្តបង្កទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រង់ចាំដោះស្រាយនៅពេលក្រោយ។ សាកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post