ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (ប្រ.ជ) បានអំពាវនាវឲ្យសមាជិក-សមាជិកា និងអ្នកគាំទ្រទាំងអស់ ប្រ.ជ ទាំងអស់ កុំពាក់អាវបក្ស ឬជិះរថយន្ត ម៉ូតូ ស៊ីក្លូ ឬម៉កកង់បី ឬកោរសក់ ឬគូសរូបជាផ្លាកសញ្ញា ឬជាលេខរៀងគណបក្សទៅបោះឆ្នោត ពីព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនអនុញ្ញាតឲ្យចូលបោះឆ្នោតឡើយ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ត្រូវរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត ចាប់ពីម៉ោង១២យប់នេះ។
ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា “នៅក្នុងថ្ងៃបោះឆ្នោត សូមបងប្អូន កុំពាក់ខោអាវបក្ស ឬជិះរថយន្ត ម៉ូតូ ស៊ីក្លូ រឺម៉កកង់បី ទុកទុក ឬកោរសក់ ឬគូសរូបជាផ្លាកសញ្ញា ឬជាលេខរៀងគណបក្ស ព្រោះ គ.ជ.ប មិនអនុញ្ញាតឲ្យចូលបោះឆ្នោតឡើយ។ សូមបងប្អូន ទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនរបស់យើងទាំងអស់គ្នា ដែលមានលេខរៀងទី២០គ្រប់ៗគ្នា”។
យោងតាមមាត្រា៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាព ឃោសនាបោះឆ្នោតត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត ចាប់ពីម៉ោង១២យប់ ថ្ងៃទី២៧ (យប់នេះ) រហូតដល់ម៉ោង១២យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕