កោះកុងៈ ប្ដីប្រពន្ធជនជាតិខ្មែរឥស្លាម១គូ បានឈ្លោះទាស់ទែងគ្នា រហូតឈានដល់ប្រើអំពើហិង្សា បណ្ដាលឲ្យរបួសក្រោមភ្នែកខាងឆ្វេង ហើយប្រពន្ធកើតទុកមិនសុខចិត្ត ក៏មកប្តឹងនៅ ប៉ុស្តិ៍នគរបាលដងទង់ឲ្យចាប់ប្តីទៅយកផ្តន្ទាទោសតាមច្បាប់។
ករណីអំពើហិង្សា ក្នុងគ្រួសារវាយគ្នាឲ្យរបួសស្នាមនេះ បានកើតឡើងកាលពីម៉ោង១០យប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិ៤ ដង់ទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
សមត្ថកិច្ច បានឲ្យដឹងថា បុរសជាប្តីឈ្មោះ សុះ ម៉ើត អាយុ៣៣ ឆ្នាំ ជនជាតិចាម មុខរបលក់ដូរ ប្រពន្ធឈ្មោះ រូន អៃសះ អាយុ៣៥ឆ្នាំ ជនជាតិចាម មុខរបលក់ដូរ រស់នៅភូមិកើតហេតុខាងលើ។
សមត្ថកិច្ច បានបន្តថា មូលហេតុប្រពន្ធឲ្យប្ដីហូបម្ហូបសល់ពីព្រឹក ប្តីមិនហូប ហើយសុំលុយប្រពន្ធទៅទិញមីឆុងហូប តែប្រពន្ធមិនឲ្យក៏កើតរឿងឈ្លោះប្រកែកគ្នាទៅវិញទៅមក ប្តីក៏វាយ និងធាក់ជាច្រើនដៃ និងជើង បណ្តាលឲ្យប្រពន្ធមានរបួសក្រោមភ្នែកខាងឆ្វេង ហើយប្រពន្ធកើតទុកមិនសុខចិត្ត ក៏មកប្តឹងសមត្ថកិច្ចឲ្យយកប្តីទៅផ្តន្ទាទោសតាមច្បាប់៕