
ភ្នំពេញៈ ក្រោយពីប្រកាសជាលើកដំបូងក្នុងថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ ថា នឹងបើកខែឲ្យកម្មករ និងមន្រ្តីរាជការគ្រប់ប្រភេទ២ដង ជារៀងរាល់ខែនោះ នៅព្រឹកថ្ងៃទី១៨ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់សារជាថ្មីថា នៅពេលគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតក្នុងការដឹកនាំប្រទេសនៅអាណត្តិទី៦ខាងមុខនេះ ហើយសម្តេចដឹកនាំប្រទេសបន្តទៀត នឹងបើកប្រាក់ខែឲ្យកម្មករ២ដងក្នុង១ខែ។
សម្តេចតេជោបានថ្លែងក្នុងឱកាសអញ្ជើញទស្សនកិច្ចស្វែងយល់ពីសង្វាក់ផលិតកម្មរោងចក្រ និងសកម្មភាពកម្មករ-កម្មការិនីរោងចក្រ ថប សាមីត ហ្គាមេន តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃ១៨ កក្កដា ថា តើក្មួយៗបានត្រៀមខ្លួនទៅបោះឆ្នោតហើយឬនៅ ? នៅថ្ងៃទី២៩ កក្កដា ខាងមុខនេះ? ដូច្នេះក្មួយត្រៀមអត្តសញ្ញាណប័ណ្ណទុកទៅបោះឆ្នោតផង ព្រោះមានសារៈសំខាន់។

សម្តេច បន្តថា “ដោយសារប្រទេសមានសន្តិភាព ទើបកូនក្មួយមានការងារធ្វើជាប់លាប់ល្អ នឹងមានប្រាក់ចំណូលសមរម្យ។ នៅពេលដែលគណបក្សប្រជាជនឈ្នះឆ្នោត គឺយើងនឹងរៀបចំឲ្យក្មួយៗបើកប្រាក់ខែ នៅរៀងរាល់ពីរអាទិត្យម្តងៗ គឺបើកនៅរៀងរាល់ថ្ងៃទី ១៥ និងចុងខែបើកម្តងទៀត”។
សម្តេចតេជោបានបន្តអំពាវនាវឲ្យកម្មករបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ទាំងអស់គ្នា៕
