header ads

Sponsor

ពិសី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៨ ខែកក្កដានេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ធ្វើសន្និសីទសារព័ត៌មាន ជុំវិញការចាប់ខ្លួនម្ចាស់គណនី Facebook ឈ្មោះ «យមរាជ លោកីយ៍» លោក សន សំនៀង អតីតមេបញ្ជាការរងអាវុធហត្ថស្រុកបារាយណ៍​ ខេត្តកំពង់ធំ ពាក់ព័ន្ធការធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសកងកម្លាំងអាវុធហត្ថ ត្រូវបានតុលាការខេត្តកំពង់ធំ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ​ជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ «បរិហាកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្ដបទឧក្រិដ្ឋជាអាទិ៍»។។

ពាក់ព័ន្ធនឹងករណីនេះដែរ អតីតភរិយាលោក សន សំនៀង គឺអ្នកស្រី ហោ សុធារ៉ូ អាយុ២៧ឆ្នាំ កាលពីពេលកន្លងទៅ ពោលមិនទាន់បានលែងលះ ជាមួយគ្នាដាច់ស្រេច នៅដើមឆ្នាំ២០១៨ ក៏ធ្លាប់បានបញ្ចេញវីដេអូតាមបណ្ដាញសង្គម ដោយរិះគន់ និងវាយប្រហារអតីតស្វាមីរបស់ខ្លួនយ៉ាងច្រើន ពាក់ព័ន្ធទៅនឹងការប្រើហិង្សាគំរាមសម្លាប់ ការប្រមាថ និងចោទប្រកាន់មានសាហាយស្មន់ជាមួយបងប្អូនទៀតផង  ដែលនាងស្ទើរទ្រាំមិនបានក្នុងការរស់នៅជាមួយគ្នា រយៈពេល៧ឆ្នាំ ហើយមានកូនប្រុសម្នាក់ជាចំណងដៃ។

សូមជម្រាបថា ជនសង្ស័យ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «យមរាជ លោកីយ៍» មានឈ្មោះពិត សន សំនៀង ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ធំ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំហើយ ដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ។

បុគ្គលឈ្មោះ សន សំនៀង នេះត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ។

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្ដីប្រកាសព័ត៌មានថា ការបង្ហោះព័ត៌មានតាមបណ្តាញសង្គម Facebook គណនីឈ្មោះ «យមរាជ លោកីយ៍» និងការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មាន មួយចំនួនតូច ដែលជាព័ត៌មានមិនពិតបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងរាជអាវុធហត្ថ។

ឈ្មោះ «យមរាជ លោកីយ៍» មានឈ្មោះ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ កងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថ លើផ្ទៃប្រទេសតាំងពីឆ្នាំ២០១៧។ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ សន សំនៀង បានប្រព្រឹត្តខុសឆ្គង ជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា៖ បង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សស្លាប់នៅនឹងកន្លែង, បាញ់បោះសេរី និងបានប្រើហឹង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post