រតនគិរីៈ យុវជនពីរនាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួន បន្ទាប់ពួកគេជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងឮខ្លាំង ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ការឃាត់ខ្លួនយុវជនពីរនាក់ខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០នឹង៣០នាទីយប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ក្នុងក្រុងបានលុង ខេត្តរតនគិរី។
យោងតាមរបាយការណ៍ពីនគរបាលប៉ុស្តិ៍ បានឲ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍ឡាបានសៀក សហការជាមួយកម្លាំងប៉ុស្តិ៍បឹងកន្សែង នឹងកម្លាំងអធិការក្រុងបានលុង បានធ្វើការឃាត់ខ្លួនយុវជនពីរនាក់ នឹងម៉ូតូចំនួន២គ្រឿងលើដងផ្លូវសាធារណៈ ក្រោយពីយុវជនទាំង២នាក់នេះ ជិះបំពាក់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេស។
របាយការណ៍បន្តថា ក្រោយពីបានឃាត់ខ្លួនយុវជនពីរនាក់ខាងលើនេះ សមត្ថកិច្ច អញ្ជើញអាណាព្យាបាលមកធ្វើលិខិតធានា នឹងកិច្ចសន្យាអប់រំ បញ្ឈប់ដាក់បំពងស៊ីម៉ាំងប្រែន និងប្តូរបំពង់ស៊ីម៉ាំងដាក់ធម្មតាវិញ ហើយឲ្យវិលត្រឡប់ទៅផ្ទះវិញផងដែរ។
សូមបញ្ជាក់ថា យុវជនទាំងពីរនាក់ខាងលើនេះសមត្ថកិច្ចមិនបានឲ្យអត្តសញ្ញាណនឹងទីលំនៅឋាននោះទេ គ្រាន់តែយកមកអប់រំតែប៉ុណ្ណោះកុំឲ្យមានលើកក្រោយទៀត៕