Sponsor
ពិសី

ភ្នំពេញៈ បុរសវ័យ២៧ឆ្នាំម្នាក់ ដែលជាឈ្មួញកណ្ដាលផង ជាអ្នកមានជំនាញឆបោកយ៉ាងចំណានម្នាក់ផង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដោយស្ងាត់ៗ កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីកាត់ទោសពាក់ព័ន្ធសំណុំរឿងឆបោកប្រាក់ រហូតដល់ជាង១លានដុល្លារ ដែលផ្ដើមចេញពីមុខរបរទិញលក់ម៉ូតូរាប់រយគ្រឿង កាលពីឆ្នាំ២០១៧កន្លងទៅ។

ជនជាប់ចោទក្មុងរឿងក្ដីនេះ ឈ្មោះ ម៉ៅ សុខទី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះលេខ២២ ផ្លូវលេខ១៩២ ក្រុមទី៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានមុខរបរបើកហាងលក់គ្រឿងតុបតែងម៉ូតូ និងរកស៊ីនាំចូលម៉ូតូពីប្រទេសថៃ យកមកលក់ឲ្យម៉ូយដែលទិញយកទៅលក់រាយនៅក្នុងក្រុងភ្នំពេញ។

ក្នុងសំណុំរឿងដែលកាត់ទោសដោយចៅក្រម ពេជ្រ វិជ្ជាធរ ជាចៅក្រមាចំនុំជំរះ កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានអ្នកទិញ លក់ម៉ូតូចំនួន៧នាក់ ដាក់ពាក្យបណ្ដឹងមកតុលាការ កាលពីខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ ពីបទក្បត់ទំនុកចិត្ត ដែលមានទឹកប្រាក់រហូតដល់ទៅជាង១លាននដុល្លារសហរដ្ឋអាមេរិក។

នៅក្នុងសវនាការ ជនជាប់ចោទឈ្មោះ ម៉ៅ សុខទី បានសារភាពគ្រប់រឿង ដែលខ្លួនគេបានទទួលយកប្រាក់ពីជនរងគ្រោះចំនួន៧នាក់ សុទ្ធតែជាអាជីវករទិញលក់ម៉ូតូរាប់សិបគ្រឿង ដែលជាចំណុចនៃការចាប់ផ្ដើមឆបោកប្រាក់ជាង១លានដុល្លារ តាមរូបភាពចំណាយទុនមុន ដើម្បីបានប្រាក់ចំណេញជាក្រោយ។ នៅពេលដែលជនរងគ្រោះជឿស៊ប់នៅក្នុងរបរចំណេញប្រាក់ងាយៗនេះហើយ ទើបជនជាប់ចោទមានឱកាសលួងលោមឲ្យជនរងគ្រោះទាំងឡាយដាក់ទុនបន្ថែម ក្នុងម្នាក់ៗ រហូតដល់២០ ឬ៣០ម៉ឺនដុល្លារ ដើម្បីទទួលបានប្រាក់ចំណេញច្រើនថែមទៀត។ ប៉ុន្តែមោនដូចការរំពឹងទុកនៅពេលដែលជនរងគ្រោះបានបន្ថែមទុនសរុបរហូតដល់ជាង១លានដុល្លារ បែរជាត្រូវជនជាប់ចោទ ម៉ៅ សុខទី ស៊ីដាច់តែម្ដង ហើយថែមទាំងបដិសេធមិនទទួលស្គាល់នូវលិខិតស្នាមទទួលប្រាក់មួយចំនួន ដែលតុលាការបង្ហាញទៀតផង។

ជនជាប់ចោទ អះអាងថា ប្រាក់ដែលខ្លួនគេទទួលពីជនរងគ្រោះ គឺបានបង្វិលទៅឲ្យថៅកែម៉តូឈ្មោះ ហេង ឆាយ ទាំងអស់ ប៉ុន្តែជនជាប់ចោទមិនមានឯកសារបញ្ជាក់ទេ។

ដោយឡែក នៅក្នុងសវនាការនេះ ជនរងគ្រោះបានបង្ហាញពីរូបភាពនៃការឆបោកនេះថា ដំបូងឡើយឈ្មោះ ម៉ៅ សុខទី បានលួងលោមឲ្យជនរងគ្រោះទិញលក់ម៉ូតូ ដែលនាំចូលពីប្រទេសថៃ ដោយក្នុងមួយគ្រឿងអាចចំណេញប្រាក់បាន១១០ដុល្លារ។ មុនដំបូងជនជាប់ចោទបានប្រគល់ម៉ូតូឲ្យជនរងគ្រោះតាមការបញ្ជាទិញជាក់ស្ដែង ក្នុងនោះម្នាក់ៗ ទិញបានរាប់រយគ្រឿង។ នៅពេលឃើញជនរងគ្រោះជឿស៊ប់ហើយ ឈ្មោះ ម៉ៅ សុខទី ក៏បានជំរុញឲ្យជនរងគ្រោះម្នាក់ៗ បន្ថែមទុនរហូតដល់២០ ទៅ៣០ម៉ឺនដុល្លារ ដើម្បីទិញម៉ូតូយកប្រាក់ចំណេញ ប៉ុន្តែមិនចាំបាច់យកម៉ូតូមកលក់ផ្ទាល់ទៀតទេ គឺម៉ូតូទាំងនោះ គេបង្វិលទៅលក់តាមបណ្ដាខេត្ត ដោយបង្វិលតែប្រាក់ចំណេញឲ្យជនរងគ្រោះតែប៉ុណ្ណោះ។ ចំណែកប្រាក់ដើម គឺឈ្មោះ ម៉ៅ សុខទី រក្សាទុកដដែល។

តាមការបញ្ជាក់របស់ជនរងគ្រោះទាំងឡាយនៅក្នុងសវនាការ គឺនៅគ្រាចុងក្រោយឈ្មោះ ម៉ៅ សុខទី មិនបានឲ្យប្រាក់ចំណេញ និងប្រាក់ដើមវិញទេ ហើយចាប់ផ្ដើមគេចខ្លួនតែម្ដង ទើបពួកគេដាក់ពាក្យប្ដឹងមកសមត្ថកិច្ច និងតុលាការ។

នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពពីការទទួលប្រាក់របស់ជនរងគ្រោះទាំងអស់ ប៉ុន្តែបានទម្លាក់កំហុសទៅឲ្យជនម្នាក់ទៀត ឈ្មោះ ហេង ឆាយ ដែលជាថៅកែលក់ម៉ូតូថា ជាអ្នកធ្វើឲ្យមានបញ្ហានេះ។ ឈ្មោះ ហេង ឆាយ ក៏ត្រូបានសមត្ថកិច្ចចាប់ខ្លួនដែរ នៅក្នុងរឿងក្ដីនេះ ប៉ុន្តែមិនដឹងយ៉ាងម៉េច ស្រាប់តែត្រូវគេដោះលែងស្ងាត់ៗបាត់ទៅ។

លោក ឡុង ជាប តំណាងអយ្យការ នៃរឿងក្ដីឆបោកនេះ បានធ្វើសេចក្ដីសន្និដ្ឋានបញ្ជាក់ថា អំពើរបស់ជនជាប់ចោទ គឺមានចេតនាឆបោកជនរងគ្រោះតាំងពីគ្រាដំបូង រហូតបានសម្រេចផល។ ដូច្នេះលោកបានស្នើឲ្យចៅក្រមតុលាការ ប្ដូរបទចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត មកជាបទឆបោកវិញ និងផ្ដន្ទាទោសជនត្រូវចោទតាមច្បាប់។

លោកចៅក្រម ពេជ្រ វិជ្ជា បានកំណត់យកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ខាងមុខ ដើម្បីប្រកាសសាលក្រមនេះ។

សូមរំឭកថា ក្នុងរឿងក្ដីនេះ កន្លងមកលោកចៅក្រម វ៉េង ហ៊ត់ បានសម្រេចចេញដីកាសម្រេចរឹបអូសបណ្ដោះអាសន្ន មិនអោយជនជាប់ចោទធ្វើការលក់ ដូរ ផ្ទេរ...នៅទីតាំងផ្ទះលេខ២០c ផ្លូវលេខ១៩២ និងមូលនិធិពាណិជ្ជកម្ម ទំនិញផលិតផល និងចលនទ្រព្យទាំងឡាយ នៃអាជីវកម្មឈ្មោះ Dreambike Store (DBS) ដែលមានទីតាំងនៅផ្ទះលេខ២០c ផ្លូវលេខ១៩២ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រួចហើយ ដើម្បីកុំឲ្យជនជាប់ចោទផ្ទេរកម្មសិទ្ធិឲ្យអ្នកដទៃ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor