ភ្នំពេញៈ ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបងប្អូនប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែង។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៖២០នាទី រសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងចំណុចផ្ទះជួល ផ្លូវលំ ក្រុម១៥៦ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាកសពស្ត្រីខាងលើមានឈ្មោះ មាស ស្រីលាន អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។
បងប្អូនប្រជាពលរដ្ឋ ប្រាប់ឲ្យដឹងថា មុនកើតហេតុ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បងប្អូនប្រជាពលរដ្ឋបានធ្វើការហៅស្ត្រីខាងលើ ព្រោះរាល់ដងព្រឹកឡើងឃើញស្ត្រីរូបនេះ បានបើកទ្វារពីព្រលឹម រួចចេញមកក្រៅ ដើម្បីស្រាផឹកជារៀងរាល់ថ្ងៃ។ ស្រាប់តែព្រឹកមិញនេះ មិនឃើញរូបគាត់ចេញមកខាងក្រៅនោះទេ។ ដោយមានការសង្ស័យ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតនោះ ក៏នាំគ្នាស្រែកហៅស្ត្រីរូបនោះ តែមិនមានការឆ្លើយតប រួចក៏នាំគ្នាតេទៅម្ចាស់ផ្ទះខាងលើ ឲ្យចុះមកកន្លែងកើតហេតុ ព្រោះថា ទ្វារផ្ទះបានជាប់សោទ្វារមិនអាចបើកបាន។
ក្រោយមក ម្ចាស់ផ្ទះខាងលើ បានមកដល់កន្លែងកើតហេតុ នាំគ្នាស្រែកហៅស្ត្រីរូបនេះម្តងទៀត តែមិនមានការឆ្លើយតប ហើយបងប្អូនប្រជាពលរដ្ឋ និងម្ចាស់ផ្ទះក៏បានសម្រេចចិត្ត ដោយវាយបំបែកកញ្ចក់ទ្វារ រួចយកសោមកចាក់បើកទ្វារ។ ស្រាប់តែបើកទ្វារផ្ទះចូលទៅក្នុង ក៏ឃើញស្ត្រីនោះបានដេកស្លាប់នៅក្នុងបន្ទប់ទឹកបាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ដើម្បីចុះមកពិនិត្យសាកសពស្ត្រីរងគ្រោះខាងលើ។ ក្រោយពីសមត្ថកិច្ចជំនាញត្រួតពិនិត្យរួចមក បានបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារតែការខ្យល់គរពិតប្រាកមែន។ ចំណែកឯសាកសពស្ត្រីខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕