
ភ្នំពេញៈ ជនសង្ស័យ២នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបបានសម្រេចហើយ តែដោយម្ចាស់ជិះម៉ូតូដេញតាមរហូតដល់ផ្លូវទាល់ទៅមុខលែងរួច លុះអស់ជម្រើសផ្តួលម៉ូតូចុះរត់ ត្រូវចាប់បានម្នាក់ និងគេចខ្លួនបាត់ម្នាក់ កាលពីវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យម្នាក់ ដែលគេចាប់ខ្លួនបាន មានឈ្មោះ ញ៉ែម បុរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិអង្ក្រង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពុងស្ពឺ រីឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។ ជនសង្ស័យទាំង២នាក់ ជិះម៉ូតូធ្វើសកម្មភាពម៉ាក Duke ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-1777។ ចំណែកជនរងគ្រោះឈ្មោះ រិទ្ធ ចាន់ណារី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងប្តីឈ្មោះ ឃុត បូរ៉ាវី អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ។ កាបូបដែលជនសង្ស័យឆក់បាន ពណ៌ក្រហម មានទូរស័ព្ទដៃមួយគ្រឿង និងលុយមួយចំនួនទៀត។


ជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនជិះម៉ូតូចេញពីធ្វើការរោងចក្របំណងទៅផ្សារសិនមុនចូលផ្ទះ ដោយជិះតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូ Duke គ្នា២នាក់ តាមពីក្រោយដល់ទន្ទឹម ទើបឆក់យកកាបូបពីដៃប្រពន្ធបានសម្រេច ហើយព្យាយាមបើកម៉ូតូរត់គេចសរសៀរតាមរបងបន្ទាយបញ្ជាការដ្ឋាន សំដៅឡើងឆ្ពោះទៅខាងផ្លូវជាតិលេខ៤ ក៏ប៉ុន្តែផ្លូវលំខាងក្រោយតំបន់នោះ មានភាពស្មុគស្មាញ កាច់កុង បត់បែនច្រើន ធ្វើឲ្យជនសង្ស័យ ដែលមិនស្គាល់ភូមិសាស្រ្ត បើករត់ទៅដល់ផ្លូវទាល់ ទៅមុខលែងរួច ទើបជម្រើសចុងក្រោយមានតែផ្តួលម៉ូតូ ដើម្បីចុះរត់ តែត្រូវបានជនរងគ្រោះជំនាញខាងបើកម៉ូតូដែរ តាមទាន់ស្រែកផ្អើលពលរដ្ឋដេញចាប់បានម្នាក់ ប្រគលឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅ និងម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យម្នាក់ រួមជាមួយម៉ូតូមួយគ្រឿង សមត្ថកិច្ចបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាននគរបាលខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី។ ចំណែកសម្ភារៈកាបូបដែលជនសង្ស័យឆក់បាននោះ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ៕



