ស្វាយរៀងៈ បុរសម្នាក់ បានលួចស្រឡាញ់នារីម្នាក់ តែមិនបានសម្រេច ព្រោះតែគ្មានលុយចូលស្តីនាងមកធ្វើជាប្រពន្ធ បែរជាបែកគំនិតឡើងទៅលើផ្ទះប៉ុនប៉ងចាប់រំលោភ តែត្រូវនារីរងគ្រោះដឹងខ្លួនទាន់ ក៏ជាប់ខ្នោះសមត្ថកិច្ចបានសម្រេច។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជាង៨យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង។
ជនសង្ស័យឈ្មោះ ទិត្យ ថែ អាយុ៣៥ឆ្នាំ គ្មានមុខរបរ រស់នៅក្នុងភូមិឃុំកើតហេតុ បានលបឡើងទៅលើផ្ទះរបស់នារីរងគ្រោះ ដែលមានផ្ទះនៅជាប់នឹងផ្ទះរបស់ខ្លួន ក្នុងបំណងចាប់រំលោភ។
នារីរងគ្រោះ ឈ្មោះ ស.ន អាយុ២០ឆ្នាំ ឲ្យដឹងថា នៅវេលាម៉ោងជាង៨យប់ ពេលដែលនាងកំពុងតែគេងលក់ ព្រោះទើបមកធ្វើការរោងចក្រអស់កម្លាំងផង ក៏ស្រាប់តែឮសូរសំឡេងមនុស្សទាញបើកមុងរបស់នាង ព្រមទាំងមានធំខ្លិនបារីផង ទើបស្ទុះក្រោកឡើង ហើយស្រែកឆោឡោហៅម្តាយដែលសម្រាកនៅក្រោមផ្ទះឲ្យជួយ។
ក្រោយមានការស្រែកឆោឡោ ជនសង្ស័យក៏បានភ័យ ហើយបានរត់ចុះពីលើផ្ទះរបស់ជនរងគ្រោះយ៉ាងប្រញាប់ និងលោតផ្លោះរបងទៅពួនដេកនៅផ្ទះរបស់ខ្លួនធ្វើប្រងើយ។
ក្រោយទទួលបណ្តឹងពីនារីរងគ្រោះ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍មូលដ្ឋាន បានចុះទៅធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនឈ្មោះ ទិត្យ ថែ មកសាកសួរ រួចបានឃាត់ខ្លួនបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅវេលារសៀលថ្ងៃទី១៩ ខែកក្កដានេះ។
នៅចំពោះមុខសមត្ថកិច្ច ជនស្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជានប៉ុនប៉ងរំលោភទៅលើនារីរងគ្រោះនោះពិតមែន ដោយសារខ្លួនលួចស្រឡាញ់នាងតាំងពីយូរណាស់មកហើយ តែគ្មានប្រាក់ដើម្បីចូលស្តីដណ្តឹង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញ កំពុងចាត់ការបន្តតាមនីតិវិធីច្បាប់៕