header ads

Sponsor

ពិសី

ភ្នំពេញៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣៧១នាក់ ត្រូវបានតែងតាំងមុខងារ និង ដំឡើងឋានន្តរសក្តិ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ក្រោយអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។

នេះគឺជាលើកទី៤ហើយ ក្នុងឆ្នាំ២០១៨ កងរាជអាវុធ​ធានីភ្នំពេញ បាន​ប្រគល់សេចក្តីសម្រេចតែងតាំងមុខងារ និងបំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ  បន្ទាប់ពីបានបំពាក់ជូន ៣លើករួចមក កាលពីថ្ងៃទី០៧, ទី១០ ខែមេសា និង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ សរុបកើនឡើងដល់ទៅ៨៤០នាក់ និងនៅមានបំពាក់ជូនជាបន្តបន្ទាប់ទៀត។

ក្នុងឱកាសនោះ អ្វីដែលប្លែកជាងគេ គឺសមាជិកវរអន្តរាគមនន៍លេខ១ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃុន ឌីម៉ា ដែលជាកីឡាករប្រដាល់ក្បាច់គុណបុរាណខ្មែរជម្រើសជាតិ និងជាម្ចាស់មេដាយមាស ស៊ីហ្គេមឆ្នាំ២០១៧ផងនោះ ត្រូវបានថ្នាក់ដឹកនាំ ដំឡើងឋានន្តរសក្តិជាបន្តបន្ទាប់ផ្ទួនៗគ្នាផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ដោយមានការដឹកនាំ ប្រកបដោយភាពប៉ិនប្រសព្វឈ្លាសវៃ និងការយកចិត្តទុកដាក់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងការប្រឹងប្រែងរបស់បងប្អូនកន្លងមក ក្នុងការហ្វឹកហ្វឺន រៀនសូត្រ និងការអនុវត្តន៍ការងារ ទទួលបានជោគជ័យនិងស្នាដៃជាច្រើន ទើបថ្នាក់ដឹកនាំ បានសម្រេចប្រគល់ភារកិច្ចថ្មី និងដំឡើងឋានន្តរសក្តិ ជូនដល់បងប្អូនជាបន្តបន្ទាប់។

ដូច្នេះសូមបងប្អូនអាវុធហត្ថរាជធានីភ្នំពេញយើងទាំងអស់ ត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើរតាមមាគ៌ាដឹកនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងបុព្វហេតុការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងបំពេញការងារទៅតាមច្បាប់វិន័យកងទ័ព គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងមាន សីលធម៌ សុជីវធម៌ ល្អជាប្រចាំ ធ្វើខ្លួនជាអ្នកបំរើរាស្ត្រគ្រប់ពេលវេលា និងត្រូវប្តូរផ្តាច់ ថែរក្សា ការពារ សន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ ដែលប្រទេសជាតិយើង កំពុងមានសព្វថ្ងៃ ឲ្យនៅ គង់វង្សរីកចម្រើន តទៅមុខជានិរន្តរ៍ ជាពិសេស ត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនឲ្យមាន បដិវត្តពណ៌ កើតឡើងជាដាច់ខាត។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានក្រើនរំលឹកដល់ អាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ រួមជាមួយ បងប្អូន ក្រុមគ្រួសារសាច់ញាតិ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមបំពេញកាតាព្វកិច្ចរបស់ខ្លួនជាប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នាកុំបីខាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post