header ads

Sponsor

ពិសី

ភ្នំពេញៈ មន្ត្រីនគរបាលខណ្ឌចំការមន បានលួចបង្ហើបថា ជនសង្ស័យ៣នាក់ ដែលមានថៅកែហាងម៉ាស្សា២នាក់ប្តីប្រពន្ធ និងស្រីម៉ាស្សាម្នាក់ ជាប់ពាក់ព័ន្ធករណីលួចលុយភ្ញៀវជាជនជាតិចិន ជាង១០០០ដុល្លារ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានវរសេនីយ៍ យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក ហៀង ថារ៉េត អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ ដោះលែងឲ្យមានសេរីភាពវិញហើយ ដោយមិនចាំចាប់កសាងសំណុំរឿងបញ្ជូនទៅតុលាការនោះទេ។

បើតាមប្រភពខាងលើ ការដោះលែងក្រុមជនសង្ស័យ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី២ បានឃាត់ខ្លួនពួកគេ ពាក់ព័ន្ធករណីលួចលុយភ្ញៀវជនជាតិចិន ចំនួន១,១០០ដុល្លារ នៅចំណុចហាងម៉ាស្សា “បែបបុរាណខ្មែរ” ទីតាំងផ្ទះលេខ95Eo ផ្លូវលេខ១១៣ កែងផ្លូវលេខ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

ក្រុមជនសង្ស័យទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ចាប់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាជនជាតិចិន ដោយបានចោទប្រកាន់ថា ក្រុមជនសង្ស័យបានរួមគំនិតគ្នាលួចលុយរបស់ខ្លួន ខណៈរូបគេកំពុងតែដេកឲ្យស្ត្រីជនសង្ស័យម្នាក់ ម៉ាស្សា។

ពាក់ព័ន្ធការដោះលែងក្រុមជនសង្ស័យនេះ អង្គភាពសារព័ត៌មាន Cam Post មិនអាចសុំការបញ្ជាក់ពីលោក យិន សាន និងលោក ហៀង ថារ៉េត បាននោះទេ ដោយសារទូរស័ព្ទហៅចូលជាច្រើនលើក ប៉ុន្តែគ្មានអ្នកទទួល​។

សូមជម្រាបថា បុរសជនជាតិចិនរងគ្រោះ បានបញ្ជាក់ថា​ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ គាត់បានទៅដកលុយនៅធនាគារ ANZ Royal ចំនួន១១០០ដុល្លារ ហើយចូលទៅម៉ាស្សាក្នុងហាងយីហោ “ម៉ាស្សាបែបបុរាណខ្មែរ” ស្ថិតនៅផ្ទះលេខ95Eo ផ្លូវលេខ១១៣ កែងផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។ បន្ទាប់ពីទទួលសេវារួចហើយ គេបានចេញមកវិញ ដោយបានឆែកមើលក្នុងកាបូប ស្រាប់តែបាត់លុយចំនួន១១០០ដុល្លារ។ ភ្លាមៗនោះ ខ្លួនបានចូលទៅទាមទារលុយ ដែលបាត់ក្នុងហាងនោះវិញ ស្រាប់តែម្ចាស់ហាងប្រកែកថា មិនបានយកទេ ស្របពេលបុគ្គលិកដែលម៉ាស្សាឲ្យជនរងគ្រោះផ្ទាល់ បានគេចខ្លួនបាត់ទៅហើយ។

តាមសម្ដីរបស់ម្ចាស់ហាងម៉ាស្សា បានឲ្យដឹងថា រូបគាត់មិនដឹងថា បុគ្គលិករបស់គាត់យកលុយភ្ញៀវនោះទេ តែរូបគាត់បានព្រមឲ្យលុយទៅជនរងគ្រោះចំនួន៥០០ដុល្លារវិញ ព្រោះថា អាណិតជនរងគ្រោះ គ្មានលុយជិះយន្តហោះទៅស្រុកកំណើតវិញ ប៉ុន្តែជនរងគ្រោះមិនព្រមទទួលយក ដោយចង់បានលុយដែលបាត់ឲ្យបានគ្រប់ចំនួន។

ដោយជនរងគ្រោះមិនសុខចិត្ត ក៏សុំឲ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍។ បន្ទាប់មក សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយនាំខ្លួនជនរងគ្រោះ និងម្ចាស់ហាងម៉ាស្សាខាងលើចំនួន៣នាក់ ប្រុសម្នាក់/ស្រី២នាក់ យកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ ដើម្បីសួរនាំរឿងហេតុនោះ។ ចុងក្រោយ ម្ចាស់ហាងម៉ាស្សាខាងលើ បានប្រគល់លុយគ្រប់ចំនួន១១០០ដុល្លារ ដែលជនរងគ្រោះបាត់ឲ្យទៅម្ចាស់ដើមវិញ។

ក្រោយយល់ព្រមប្រគល់លុយទៅជនរងគ្រោះវិញហើយនោះ ម្ចាស់ហាងម៉ាស្សា និងនារីម៉ាស្សាខាងលើសរុបចំនួន៣នាក់ មានស្រី២នាក់ ប្រុសម្នាក់ ត្រូវបានជាប់ពាក់ព័ន្ធក្នុងករណីលួចមានស្ថានទម្ងន់ទោស ដោយសមគំនិត ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post