Sponsor
ពិសី

ភ្នំពេញៈ សពបុរសម្នាក់ ត្រូវបានប្រជានេសាទប្រទះឃើញអណ្ដែតទឹកជាប់ជាមួយឧបករណ៍ឆក់ត្រី នៅក្នុងបឹងមួយកន្លែងខាងក្រោយវត្តឫស្សីសាញ់ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ហេតុការណ៍នេះ បង្កការ​ផ្អើលដល់ប្រជាពលរដ្ឋ និងសាច់ញាតិ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃចន្ទ ៤កើត ខែទុតិយ​សាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ។

សពជនរងគ្រោះ ត្រូវបានសាច់ញាតិប្រាប់ថា ឈ្មោះ សុខ ដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ស្នាក់នៅបន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធជាកម្មការិនីរោងចក្រ និងមាន​កូនស្រីម្នាក់អាយុ៨ឆ្នាំ។

ប្រពន្ធសព​ បានរៀបរាប់ទាំងទឹកភ្នែកថា ប្ដីរបស់គាត់មិនដែលប្រើប្រាស់ឧបករណ៍ឆក់ត្រីនោះទេ គឺធ្លាប់តែមកដាក់ស្បៃមុងរកត្រីនៅចំណុចបឹងនេះ ក្នុងពេលទំនេរពីការងារជួសជុលម៉ូតូ ។ តែប្ដីគាត់ឃើញមានគេប្រើប្រាស់ឧបករណ៍ឆក់ត្រីបានច្រើន ទើបគាត់ចង់ធ្វើដូចគេ នៅថ្ងៃម្សិលមិញ ប្ដីគាត់បានទៅទិញឧបករណ៍ឆក់ត្រីមួយគ្រឿង ដើម្បីយកមករកត្រីឲ្យបានច្រើន។ 

ប្រពន្ធសព​ បានបន្តថា ថ្ងៃម្សិលមិញ បាយរួច ប្ដីរបស់គាត់បានស្ពាយឧបករណ៍ឆក់ត្រីមករកត្រីម្នាក់ឯង បាត់រហូតដល់ម៉ោង៥៖១០នាទីល្ងាច ទើបមានបងប្រុសបង្កើតជនរងគ្រោះឮដំណឹងថា ប្ដីរបស់គាត់បានស្លាប់នៅក្នុងទឹកបឹង ដែលគេសង្ស័យថា ស្លាប់ដោយសារឧបករណ៍ឆក់ត្រី ធ្វើឲ្យរូបគាត់ជាប្រពន្ធតក់ស្លុតយ៉ាងខ្លាំង ព្រោះបានបាត់បង់ប្ដីរបស់គាត់ និងធ្វើឲ្យកូនស្រី អាយុទើបតែ៨ឆ្នាំកំព្រាឪពុក ។

ក្រោយសមត្ថកិច្ចទទួលបានដំណឹងនេះភ្លាម ក៏ប្រញាប់ចុះទៅកន្លែងកើតហេតុ និងរាយការណ៍ទៅជំនាញខាងកោសល្យវិច័យឲ្យមកពិនិត្យសាកសពជនរងគ្រោះខាងលើ ដោយសមត្ថកិច្ចជំនាញបញ្ជាក់ថា សពគឺស្លាប់ដោយសារ(ឧបករណ៍ឆក់ត្រីឆក់ស្លាប់ពិតប្រាដកមែន) រួចក៏បានប្រគល់សព​ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor