header ads

Sponsor

រិទ្ធី

ថ្ងៃនេះជាខួប២ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅកណ្តាលទីក្រុងភ្នំពេញ (១០ កក្កដា ២០១៦-១០ កក្កដា ២០១៨) ប៉ុន្តែ២ឆ្នាំកន្លងផុតទៅ យុត្តិធម៌សម្រាប់គ្រួសារសពលោកបណ្ឌិតមិនទាន់មានពន្លឺនៅឡើយ ស្របពេលដែលអង្គការជាតិ អន្តរជាតិអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មាធិការឯករាជដើម្បីស្វែងរកឃាតករ និងអ្នកពីនៅក្រោយឃាតកម្មនេះ។

លោកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី  ដែលកំពុងរស់នៅប្រទេសអូស្រ្តាលី បានសរសេររៀបរាប់ទាំងក្តុកក្តួលពីអនុស្សាវរីយ៍ដែលធ្លាប់រស់នៅជាមួយលោកបណ្ឌិតថា៖ ពីរឆ្នាំកន្លងផុតទៅ សេចក្តីស្រឡាញ់ សុភមង្គល និងភាពរីករាយ បានត្រឹមឲ្យនាងខ្ញុំត្រឹមការអោបក្រសោបនូវរាល់ការចង់ចាំរបស់ ស្វាមីនាងខ្ញុំ។ ខ្ញុំចងចាំពេលយើងទៅញាំគុយទាវពេលព្រឹកជុំគ្នា ខ្ញុំចងចាំពេលបងត្រឡប់មកដល់ផ្ទះវិញពិសារបាយ ខ្ញុំចងចងចាំពេលបងជូនអូនទៅផ្សារ

លោកស្រីរៀបរាប់ទៀតថា៖ ខ្ញុំចងចាំពេលបងសើចលេងជាមួយនឹងកូនៗ ខ្ញុំចងចាំរាល់ពេលយើងសប្បាយរីករាយ និងពេលកើតទុក្ខ អូនចងចាំសកម្មភាពគ្រួសាររបស់ពួកយើង តែពលរដ្ឋខ្មែរចងចាំការលះបង់របស់បង។ ជាប្រពន្ធ និងជាកូនៗរបស់បង ពួកយើង រំភើប ពីព្រោះថារូបបងមិនត្រឹមតែស្ថិតក្នុងចិត្តរបស់ អូននិងកូនៗ ទេ បងស្ថិតនៅក្នុងការចងចាំ របស់ពលរដ្ឋខ្មែរ។ ពួកគេបានដាក់ ងារឱ្យបងថា លោក បណ្ឌិត កែម ឡី។

ស្រ្តីមេម៉ាយកូន៥ក្នុងបន្ទុករំលឹកថា ស្អែកព្រឹកកាលពី២ឆ្នាំមុន ជាថ្ងៃដែលស្វាមីនាងខ្ញុំបានចាកចេញឆ្ងាយ យុត្តិធម៌ក៏ហាក់នៅឆ្ងាយសែនឆ្ងាយ។ នៅក្នុងចិត្តនាងខ្ញុំ ក៏ប្រហែលជាមិនខុសពីក្នុងចិត្ត លោកអ៊ំ អ្នកមីង លោកពូ និងបងស្រីបងប្រុស ដែលស្រឡាញ់គាត់ដែរ ទោះបីយើងមិននិយាយចេញ តែគ្រប់គ្នាដឹងថាមានអ្វីបានកើតចំពោះ ស្វាមីនាង    ខ្ញុំ។ ពួកយើងស្ងៀមស្ងាត់មែន ប៉ុន្តែក្នុងចិត្តពួកយើងដឹង និង យល់ច្បាស់ពីទង្វើព្រៃផ្សៃនេះ។

លោកស្រី ប៊ូ រចនា បន្ថែមទាំងអស់សង្ឃឹមថា ទោះសរសេរច្រើនជាងនេះក៏មិនអាចទាមទារឱ្យស្វាមីនាងខ្ញុំត្រឡប់មកវិញដែរ។ តែនាងខ្ញុំជឿជាក់ថា នឹងមានថ្ងៃមួយមកដល់ ដែលឃាតករពិត នឹងសងនូវរាល់អ្វីៗដែលគេបានធ្វើ។ សូមវិញ្ញាណក្ខន្ធបង តាមជួយថែរក្សាក្រុមគ្រួសារ និងពលរដ្ឋខ្មែរគ្រប់រូបឱ្យទទួលបានសេចក្តីសុខ និងយុត្តិធម៌។

ក្នុងឱកាសគម្រប់ខួបពីរឆ្នាំនេះ នាងខ្ញុំសូមប្តូររូបក្នុងផេកមួយនេះ ទៅជាពណ៌ខ្មៅ នឹងមិនផូសអ្វីទាំងអស់ចាប់ពីម៉ោង ១២យប់នេះទៅ រយៈពេល ២៤ម៉ោង ដើម្បីឧទ្ទិស ការឈឺចាប់ ការនឹក ស្រណោះ ការស្រឡាញ់ ការគោរព និងការចងចាំ វីរៈជនក្នុងចិត្ត។

សូមរំលឹកថាលោកបណ្ឌិត កែម ឡី កាលនៅរស់គាត់តែងតែរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលនិងគណបក្សប្រឆាំងដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិមានការរីកចម្រើន។ លោកបណ្ឌិតមិនទាន់បានបញ្ចប់យុទ្ធនាការ១០០រាត្រីក្នុងការចងក្រងឯកសារស្តីពីកោះរបស់ប្រទេសកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post