header ads

Sponsor

ពិសី

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៧ កក្កដានេះ បានអំពាវនាវឲ្យគ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ចាប់ពីម៉ោង១២យប់ ថ្ងៃទី២៧ រហូតដល់ម៉ោង១២យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីធានាបរិយាកាស នៃការបោះឆ្នោតខាងមុខនេះ ។

ក្នុងសេចក្តីអំពាវនាវរបស់ខ្លួន ស្ថាប័នបោះឆ្នោតជាតិមួយនេះ បានព្រមានថា​ នឹងចាត់វិធានការម៉ឺងម៉ាត់ចំពោះសកម្មភាពទាំងឡាយណា ដែលរំលោភលើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីរបស់ស្ថាប័នមួយនេះ ។

លើសពីនេះ គ.ជ.ប ក៏បានណែនាំឲ្យគណបក្សនយោបាយ រួមទាំងអ្នកគាំទ្រ និងបណ្តាញព័ត៌មាន ត្រូវគោរពច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ រួមទាំងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតជាតិខាងមុខនេះ ដំណើរការដោយរលូន យុត្តិធម៌ ត្រឹមត្រូវ មានតម្លាភាព និងគ្មានអំពើហិង្សា ។

ជាមួយគ្នានេះ ​គ.ជ.ប ក៏បានស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យការងារឯទៀត ត្រូវផ្តល់កិច្ចសហប្រតិបត្តិការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅក្នុងដំណាក់កាលនេះ ។

ពិសេសចាត់វិធានការម៉ឺនម៉ាត់ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាពទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិត និងបាតុភាពទាំងឡាយ ដែលមានបំណងមិនឲ្យទៅបោះឆ្នោត ធ្វើឲ្យមានការភាន់ច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោត និងរាប់សន្លឹក ឆ្នោតបាន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ ធ្លាប់បានប្រាប់កាលពីពេលថ្មីៗនេះថា សមត្ថកិច្ចក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានត្រៀមកម្លាំងរួចរាល់ហើយ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ ដំណើការបោះឆ្នោតខាងមុខ ឲ្យដំណើរការទៅដោយរលូន ។

សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នឹងចាប់ផ្តើមនៅថ្ងៃទី២៩ កក្កដាខាងមុខនេះ ដោយមានបក្សនយោបាយ ចំនួន២០ចូលរួម។ ដោយឡែក ដំណើរការឃោសនាបោះឆ្នោត ក៏នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៧ កក្កដានេះដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post